ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដាក់បទបញ្ជាឲ្យគ្រប់កងកម្លាំង គ្រប់សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែចាត់វិធានការចុះបង្ក្រាប នូវរាល់បទល្មើសគ្រប់ប្រភេទ ឲ្យបានទាន់ពេលវេលាក្នុងស្រុក-ក្រុង និងនៅតាមបន្ទាត់ព្រំដែននិងតាមបណ្តាច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្ត នូវរាល់បទល្មើសឆ្លងដែខុសច្បាប់ការជួញដូរមនុស្ស ការដឹកទំនិញគេចពន្ធ ការបង់ពន្ធមិនត្រឹមត្រូវ ការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។
ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ទៀតថា ក្នុងនោះមិនថាកងកម្លាំង មិនថាអាជ្ញាធរក្រុង-ស្រុកមិនថាស្ថាប័នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ក្នុងការចុះបង្ក្រាបបនល្បែងខុសច្បាប់ដែលកំពុងជ្រកក្រោមផ្លាក “អាជ្ញាប័ណ្ណ” តែវាបានបង្កប់ នូវបទល្មើសគ្រប់ទម្រង់ដូចជាល្បែងអត់ច្បាប់ ការបង្កប់ប្រើប្រាស់និងជួញគ្រឿងញៀនខុសច្បាប់ ការរក្សាការលាក់ទុកជួញដូរ ការសេព និងការផ្តល់ទីកន្លែងក្នុងការប្រើប្រាស់និងជួញដូរ ដែលបង្កឲ្យកើតមានអំពើចោរកម្មលួចឆក់ប្លន់ជាដើម៕