បាត់ដំបង៖ នៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី៦ ខែមិនា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់បទបញ្ជាឲ្យគ្រប់កងកម្លាំងទាំងបី គ្រប់សមត្ថកិច្ចជំនាញនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ក្នុងស្រុកក្រុងរបស់ខ្លួននិងនៅតាមបន្ទាត់ព្រំដែន តាមបណ្តាច្រកទ្វារព្រំដែននានាក្នុងភូមិសាស្ត្រខេត្តនូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ អំពើជួញដូរមនុស្ស ការដឹកទំនិញគេចពន្ធ ការបង់ពន្ធមិត្រឹមត្រូវ ដែលជាប្រភពធ្វើឲ្យបាត់ចំណូលជាតិ។បន្ថែមពីនេះ ត្រូវមានវិធានទប់ស្កាត់និងលុបបំបាត់កុំឲ្យកើតមាន នូវ ការចែកចាយ ការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។
ក្នុងនោះដែរ ឯកឧត្តម សុខ លូ ក៏បានលើកឡើងផងដែរថា គឺមិនថាកងកម្លាំង មិនថាអាជ្ញាធរក្រុង-ស្រុក មិនថាស្ថាប័ន មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់និងចុះបង្ក្រាបបទល្មើសទាំងនោះកុំឲ្យកើតមាន ពិសេសបនល្បែងនិងរបរផ្សេងៗដែលកំពុងជ្រកក្រោមផ្លាក “អាជ្ញាប័ណ្ណ” តែវាបានបង្កប់នូវបទល្មើសគ្រប់ទម្រង់ដូចជា៖ល្បែងអត់ច្បាប់ ការបង្កប់ប្រើប្រាស់និងជួញគ្រឿងញៀនខុសច្បាប់ ការរក្សា ការលាក់ទុក ការជួញដូរ ការសេពនិងការផ្តល់ទីកន្លែងក្នុងការប្រើប្រាស់និងប្រព្រឹត្តជួញដូរ ដែលបង្កឲ្យកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ជាដើម។
បន្ថែមទៀតនោះឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អស់លោកប្រធានច្រកទ្វារព្រំដែនខ្មែរ-ថៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ទាំងច្រកទ្វារតំបន់ ទាំងច្រកទ្វារអន្តរជាតិ គឺត្រូវពង្រឹងធ្វើការត្រួតពិនិត្យឲ្យម៉ត់ចត់បន្ថែមទៀតពាក់ព័ន្ធនូវបទល្មើសការគេចវេសពន្ធ និង ការបង់ពន្ធមិនត្រឹមត្រូវជាដើម បើរកឃើញត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីមានវិធានការជាក់ស្តែង។
ឯកឧត្តមប្រធាន ក៏បានជម្រុញឲ្យគ្រប់កងកម្លាំងនិងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹង និងចាត់វិធានការតឹងរឹងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានបទល្មើសឆ្លងដែនខុសច្បាប់ និងវែកមុខចាប់មេក្លោង មេខ្យល់ ដែលនាំពលករខុសច្បាប់ទៅប្រទេសថៃឲ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ឯកឧត្តម សុខ លូ ក៏បានធ្វើការក្រើនរំលឹកនិងបានដាស់តឿនពីការកត់សម្គាល់មួយចំនួនពាក់ព័ន្ធនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង ដែលកន្លងមកដូចជាខ្វះការយកចិត្តទុកដាក់និងមកនអើពើពីការបណ្តុះពូជកូនឈើកម្រស្ទើរតែផុតពូជ ដូចជាកូនឈើ ជាដំណាហូបផ្លែដែលកំពុងតែបាត់បង់ស្ទើរផុតរលត់ពូជក្នុងនោះមានពូជស្វាយខ្ទិះបាត់ដំបង ពូជស្វាយអុករ៉ង ពូជស្វាយល្ហួត ពូជដូងខ្ទិះ ដែលក្នុងនោះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់និងក្រើនរំលឹកថា៖”ដូងខ្ទិះ” គឺជាអត្តសញ្ញាណសម្គាល់ផ្លែឈើរបស់ខេត្តជាដើម។
បន្ថែមពីនេះឯកឧត្តមប្រធានគណៈបញ្ជាការខេត្តបាត់ដំបង ក៌បានលើកពីគម្រោងក្នុងការដាំដុះកូនឈើនានា ដែលអាជ្ញាធរខេត្ត បានគ្រោងដាំដើមឈើដើម្បីលម្អនៅតាមសួនច្បារ តាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណភាព ឲ្យមានភាពទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិដែលមកកម្សាន្តលេងនៅក្នុងខេត្ត ខណៈដែលរដ្ឋបាលខេត្តបាត់ដំបង កំពុងតែធ្វើការរៀបចំកែលម្អនិងលើកកម្ពស់សោភ័ណភាពឲ្យមាន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅក្នុងក្រុងបាតដំបងហើយដែលត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕