មន្ត្រីបុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា

0
4

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។

លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅវិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែងតែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬរចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។ ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។

លោកបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើប្រាស់ម៉ាស៊ីន GPR និងបានសិក្សាពីរបៀបប្រើប្រាស់កម្មវិធីម៉ាស៊ីន GPR តភ្ជាប់ទៅនឹងកម្មវិធីក្នុងប្រព័ន្ធកុំព្យូទ័រ។ ម៉ាស៊ីន GPR សម្រាប់ស្កេនរកមើលវត្ថុនៅក្រោមដីនេះប្រៀបដូចទៅនឹងម៉ាស៊ីន X-RAY សម្រាប់ស្កេនលើដងខ្លួនមនុស្សដែរ។ ម៉ាស៊ីន GPR ត្រូវភ្ជាប់ខ្សែទៅនឹងកុំព្យូទ័រដើម្បីធ្វើការបង្ហាញនូវទិន្នន័យសម្រាប់ធ្វើការវិភាគ ប៉ុន្តែទោះបីយ៉ាងណាក៏ម៉ាស៊ីន GPR មិនបានបង្ហាញភាពត្រឹមត្រូវ និងច្បាស់លាស់ដូចទៅនឹងការធ្វើកំណាយដោយដៃផ្ទាល់នោះទេ។

ជាមួយគ្នានោះលោក Hyundok Oh សង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះនឹងទទួលបានចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងការប្រើប្រាស់ម៉ាស៊ីន GPR នេះ ហើយនឹងយកចំណេះដឹងនេះទៅប្រើប្រាស់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវនៅកន្លែងបុរាណដ្ឋានផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here