ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ពិធីនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យនិងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០” ។
ឯកឧត្តម ក៏បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដែលជាទុរគជនរស់នៅម្នាក់ឯង៕