រឿងរ៉ាវរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនព្រលាន OCIC នៅតែមិនទាន់ទទួលបានសំណង និងការដោះស្រាយ

0
5

កណ្តាល៖ ប្រភពពត័មានពីម្ចាស់ដី អ្នកស្រី ឈិន អាយវីអ៊ីងកាវ ដែលទទួលរងការរំលោភបំពានពីក្រុមហ៊ុនព្រលាន OCIC នៅតែពុំទាន់ទទួលបាននូវដំណោះស្រាយសំណង ទោះបីជាអ្នកស្រី មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ក៏នៅតែជនខិលខូច និងបក្សពួកឃុបឃិតជាមួយអ្នកមានអំណាចមន្ត្រីខេត្តដ៏មានឥទ្ធិពលម្នាក់កាងពីក្រោយរឿងរំលោភនេះ ហើយអាចបញ្ជាទៅតុលាការខេត្តកណ្តាលឲ្យសម្រេចខុសនីតិវិធីច្បាប់ មិនយកច្បាប់មកអនុវត្តដោយរំលោភបំពានកម្មសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់ជាថ្នូរនឹងផលប្រយោជន៍ និងលាភសក្ការៈទៅវិញ។

កាន់តែអយុត្តិធម័ រឿងរ៉ាវក្តីក្តាំនេះកំពុងតែស្ថិតក្នុងដៃតុលាការសាលាឧទ្ទរណ៍ ស្រាប់តែក្រុមហ៊ុន OCIC តំណាងដោយឈ្មោះ ជូ កុកសាយ បានឃុបឃិតនិងបញ្ជាទៅចៅក្រមឈ្មោះ ពៅ ភូស៊ុន ឲ្យសម្រេចតំកល់សាលក្រមសាលាដំបូងខេត្តកណ្តាល ដែលខ្លួននិងបក្សពួករបស់ជនមានឥទ្ធិពលខេត្តកណ្តាលម្នាក់ ដែលកាងពីក្រោយរឿងងដីមានទំនាស់នេះ ដោយយកលេសថា ដីដែលខ្លួនរំលោភយកនេះប៉ះពាល់ផ្លូវអភិវឌ្ឍន៍ព្រលានថ្មីតាខ្មៅ ខណៈដែលគម្រោងស្នើសុំសាងសង់ផ្លូវចូលទៅកាន់ព្រលានភ្ជាប់ពីផ្លូវជាតិលេខ២ ពុំទាន់មានគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនពុំទាន់បានដោះស្រាយសំណងជាមួយប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលរងផលប៉ះពាល់។

ក្រុមហ៊ុន និងសាលាខេត្តកណ្តាលព្យាយាមរកគ្រប់វិធីដើម្បីបំភ័ន្ត និងបំភ្លៃ ធ្វើរបាយការណ៍ ភូតភរថ្នាក់ដឹកនាំ ថាគម្រោងស្នើសុំកែសម្រួលគន្លងផ្លូវចូលព្រលាននេះបានដោះស្រាយផលប៉ះពាល់ និងឯកភាពទទួលយកពីប្រជាពលរដ្ឋ តែការពិតជាក់ស្តែង អ្នកស្រី អ៊ីងការ ពុំទាន់បានទទួលនូវសំណង ឬដោះស្រាយម្តងណាឡើយ ហើយថ្មីៗនេះ ថែមទាំងយកគ្រឿងចក្រតូចធំជាច្រើនគ្រឿងមកវាយកំទេចរបងដីរបស់អ្នកស្រី និងឈូសឆាយដោយបំពានមិនខ្លាចក្រែងច្បាប់អ្វីបន្តិចសោះឡើយ ហើយអ្នកស្រីមានតែអង្វរសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ទៅលោកអភិបាលខេត្ត និងតុលាការ ឲ្យអនុវត្តន៍កាត់ក្តីតាមច្បាប់ ការពារជនស្លូតត្រង់ដែលត្រូវបានគេរំលោភទាំងភាពអយុត្តិធម័ ហើយអ្នកស្រី មានក្តីសង្ឃឹមលើសម្តេចតេជោ តែម្នាក់គត់ ដែលអាចផ្តល់យុត្តិធម៏ពីការំលោភបំពាននេះ។

យ៉ាងណាក្តីមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុនខាងលើនោះទេមកដល់ពេលនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here