ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៦០គ្រួសារដែលប្រើប្រាស់អាស្រ័យផលនៅលើដីតាំងពីឆ្នាំ១៩៨៥មក បានស្នើឲ្យអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ដោះស្រាយរឿងមន្ត្រីសូរិយោដីស្រុកស្អាងបានចុះវាស់វែងឪ្យពួកគាត់រួចហើយតែមិនទាន់ផ្តល់បង្កាន់ដៃឬប័ណ្ណកម្មសិទ្ធជូនពួកគាត់ដោយអះអាងថាដីធនធានទឹក។
យោងតាមលិខិតមួយច្បាប់របស់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិព្រែកថ្មី និងភូមិត្រើយ ត្រឹង្ស ស្ថិតក្នុងឃុំព្រែកអំបិលស្រុកស្អាង ខេត្តអមដោយស្នាមមេដាយទៅកាន់លោកគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានស្នើសុំបង្កាន់ដៃ និងប្លង់ដីដែលមន្ត្រីសូរិយោដីស្រុកស្អាង បានចុះបាញ់រួចហើយតែមិនចេញឲ្យ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថាមន្ត្រីសូរិយោដីថាជាដីរបស់ធនធានទឹកខណៈដីទាំងនោះត្រូវបានពួកគាត់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៥មកម្ល៉េះ ហើយមានឈ្មោះ ហុង ស្រ៊ុនគាត់ជាមេភូមិឆ្នាំ១៩៧៩ជាអ្នកចែកដីឱ្យប្រជាពលរដ្ឋ។
ក្នុងលិខិតក៏បានលើកឡើងទៀតថាដោយសារភូមិត្រើយត្រឹង្សមានប្រជាពលរដ្ឋច្រើន ដីបង្ករបង្កើនផលមានតិចជាងភូមិដទៃស្ថិតក្នុងឃុំព្រែកអំបិលពួកគាត់ក៏បានស្នើសុំបង្កាន់ដៃកាន់កាប់ដីតាមរយៈភូមិ ឃុំ ស្រុក រយៈពេលជាង២ឆ្នាំមកហើយពោលគឺតាំងពីលោក ជឺ គីមហៃ នៅជាអភិបាលរងស្រុក រហូតដល់ឡើងជាអភិបាលស្រុកស្អាង។
បើតាមប្រជាពលរដ្ឋដែលស្នើសុំនេះបានឲ្យដឹងថាបើអភិបាលមិនព្រមដោះស្រាយជួនពួកគាត់ទេ ពួកគាត់ដាក់លិខិតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា ហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីជួយដោះស្រាយឲ្យពួក គាត់ពីព្រោះពួក បានដីទាំងនេះជាកន្លែងចិញ្ចឹមឆ្នាំងបាយ និងចិញ្ចឹមកូនចៅ។
សូមជម្រាបថាលិខិតស្នើនេះត្រូវបានដល់ដៃអភិបាលខេត្តកណ្តាលរួចហើយ ប៉ុន្តែរហូត មកដល់ពេលមិនទាន់មានការឆ្លើយតបយ៉ាងណាទៅកាន់ប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋបានឲ្យដឹងមានភូមិជាច្រើននៅក្នុងឃុំព្រែកអំបិលស្រុកស្អាងត្រូវបានមន្ត្រីសូរិយោដីចុះវាស់វែង និងបានផ្តល់បង្កាត់កាន់ដៃស្ទើទាំងអស់។ ជាងនេះទៅបានប្រគល់ប័ណ្ណ កម្មសិទ្ធិបានភាគច្រើនហើយនឹងផ្តល់ជាបន្តបន្ទាប់នៅពេលខាងមុខនេះ។
ក្នុងពិធីសំណេះសំណាលនិងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងភូមិអន្លង់តាសេកលើកលោក គង់ សោភ័ណ្ឌបានស្នើឲ្យមន្ត្រីសូរិយោដីត្រូវតែខិតខំធ្វើយ៉ាងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនិងមិនយកប្រាក់ផងដែរ។ ជាងនេះលោកអភិបាលបានឲ្យមន្ត្រីសូរិយោដីត្រូវយកប័ណ្ណកម្មសិទ្ធមកចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះទៀតផង៕