សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី១៦ វិច្ឆិកា

0
7

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាមក្រសួងសាធារណៈការនិងដឹកជញ្ជួន។

ថ្លែងក្នុងកិច្ច ប្រជុំត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនាទៀ បាញ់​ បានជំរុញលើកទឹកចិត្ត ឲ្យសមាជិកសមាជិកា នៃគណៈកម្មការអន្តរក្រសួង ពាក់ព័ន្ធទាំងអស់ ចូលរួមផ្ដល់មតិយោបល់ទាក់ទង នឹងការសិក្សាប្លង់ស្ថាបត្យកម្មលម្អិតនៃ ខ្សែផ្លូវទាំង៣៨ខ្សែ ក៏ដូចជាការត្រៀមរៀបចំ ពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃការត្រៀមរៀបចំបើកការដ្ឋាន ស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ។

ចំណែក លោកស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃការត្រៀមរៀបចំបើកការដ្ឋានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដោយបានគូសបញ្ជាក់ថា៖ ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យសិក្សាលម្អិត លក្ខណៈបច្ចេកទេស ផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាព ដែលត្រូវសាងសង់ ប្រវែងសរុបចំនួន១០៨ គីឡូម៉ែត្រ បានពិភាក្សាលម្អិត លើការងារបច្ចេកទេសជាមួយ អង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាព សាងសង់អនុវត្ត តាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ អង្គភាពដែលទទួលយកការងារ សាងសង់ផ្លូវទាំង៣៨ខ្សែ នេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងចំនួន២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី ម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

លោក ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំផងដែរថា៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួងមានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ដំណើរការរបស់ខ្លួនយោងតាមការចាំបាច់ ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កងទៀតប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែរឬយ៉ាងណា ក្នុងករណីអង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូវបានទូទាត់ប្រាក់ជូនឡើយ។

ជាមួយគ្នានេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អង្គប្រជុំទាំងមូល ជាពិសេសកងវិស្វកម្ម ក៏ដូចជាអង្គភាពទទួលម៉ៅការសាងសង់ទាំងអស់ មេត្តាប្រមូលផ្ដុំកម្លាំង ឆន្ទៈ និងស្មារតីឲ្យបាន ច្រើនបន្ថែមទៀត តាមការចង្អុលបង្ហាញពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ទាក់ទងនឹងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប និងបានស្នើសុំការគាំទ្រ និងកិច្ចសហការល្អ ពីប្រជាពលរដ្ឋ ដើម្បីឱ្យគម្រោងនេះ សម្រេចបានជោគជ័យតាមការគ្រោងទុក។

ជាទីបញ្ចប់ សម្ដេចសេនាពិជ័យ ទៀ បាញ់​បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារអន្តរក្រសួង ដែលបានផ្តល់ធាតុចូលបន្ថែម ក៏ដូចជាបានបំពេញកិច្ចការ របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ក្នុងគោលបំណងប្រែក្លាយ ខេត្តវប្បធម៌មួយនេះ ឱ្យមានភាពទាន់សម័យ អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here