ភ្នំពេញ៖ ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម ចាន់ អ៊ាន បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សនិងគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ៥ ដែលបានឆ្លើយតបទៅនឹងតម្រូវការនូវក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាព ខណៈប្រទេសជាតិកំពុងតែ មានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ក្រសួងមហាផ្ទៃបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យឆ្លើយតបស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាលជាតិជាក់ស្តែង។
ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥និង បានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ត្រូវយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាជូនដល់តំណាងសិស្សនគរបាលជ័យលាភី ចំនួន ១៥រូប និងលិខិតសរសើរដល់សិស្សនគរបាលចំនួន៣រូបផងដែរ៕