បាត់ដំបង៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០២៣នេះ បានចាត់ឱ្យលោក ផេង សិទ្ធី និងលោកស្រី ព្រំ វណ្ណា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន លោកស្រី ណែម សុវ៉ែន អាយុ៤០ឆ្នាំ មុខរបអូសរទេះរុញលក់ខ្ចៅ(មហារីកដោះ) អាយុ៣២ឆ្នាំ ប្តីមុខរបធ្វើកម្មករលីជី និងមានកូនក្នុងបន្ទុក៤នាក់ និងនោះកូនក្នុងផ្ទៃអាយុ៧ខែ មានជីវភាពក្រីក្រ រស់នៅផ្ទះជូលជាមួយម្តាយក្មេងក ស្ថិត នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ថ្លែងក្នុង ឱកាសនោះ លោកបាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចមានក្តីអាណិតអាសូរ និងយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់លោកស្រី ណែម សុវ៉ែន សូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងសូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមអនុវត្តន៍តាមការបញ្ជាប់បញ្ជារបស់ក្រុមគ្រួសារពេទ្យអោយបានល្អប្រសើរ។
លោកស្រី ណែម សុវ៉ែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាបាទក្រហមកម្ពុជា ខេត្ត ដែលតែងតែបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា អំណោយ ដែលសាខាផ្តល់ជូនរួមមាន អង្ករ ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរត្រីខ២យួរ ឃីត១កញ្ចប់(មុង ភួយ ក្រមា សារុង ) និងថវិកា ៥០ម៉ឺនរៀលផងដែរ៕





