រដ្ឋាករទឹកខេត្តបាត់ដំបង គ្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី មួយកន្លែងបន្ថែមទៀត មានសមត្ថភាពផលិតទឹកស្អាត បានប្រមាណជាង២ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ

0
6

បាត់ដំបង៖ ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង និងជាក្រុមការងារសម្របសម្រួលគម្រោងខេត្តPIU ឯកឧត្តម អ៊ុត ក្លឹង បានបង្ហើបឲ្យដឹងថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅពេលដ៏ខ្លីខាងមុខនេះខេត្តបាត់ដំបង និងទទួលបាននូវរោងចក្រផលិតទឹកស្អាតថ្មី មួយកន្កែងបន្ថែមទៀតដែល ជាគម្រោងរបស់ធនាគារពិភពលោក (WorldBank) និងមានសមត្ថភាពផលិតទឹកស្អាត បានប្រមាណជាង២ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃខណៈដែលពេលនេះ ក្រុមការងារនាយកដ្ឋានបច្ចេកទេស និង គ្រប់គ្រងគម្រោង បាននិងកំពុងចុះសិក្សាសមិទ្ធលទ្ធភាព (preparation of Feasibiliy Study )ដែលមានរយៈពេល៣ខែ។ ហើយក៏ជាគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ( Water Supply and Sanitation Acceleration Project ) WASAC។ ខណៈបច្ចុប្បន្ននេះ អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មានស្ថានីយ៍ផលិតទឹកស្អាត ចំនួន៣កន្លែង រួចមកហើយ ។

ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣ ខណៈអមដំណើរឯកឧត្តមរស់ សាលីន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោង (PMU ) បានចុះត្រួតពិនិត្យការដ្ឋានអនុវុត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយបូមទឹកឆៅ កំពង់សីមា ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបាននឹងកំពុងតែដំណើរការសាងសង់ដោយក្រុមហ៊ុនចិនCCECCContractor ។

គោលបំណងនៃការចុះទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារសាងសង់,ពិនិត្យមើលបញ្ហាប្រឈម និងដើម្បីជំរុញការងារសាងសង់ឲ្យស្របតាមលក្ខណៈបច្ចេកទេសក្នុងការធានាធ្វើយ៉ាងណាឲ្យគម្រោងដំណើរការបានរលូន និងបញ្ចប់ការងារខ្លួនឲ្យបានទាន់ពេលវេលានិងកំពុងតែដំណើរការសាងសង់ បានប្រមាណ៥-១០% និងបានចុះពិនិត្យមើលដោយធ្វើការសិក្សាស្វែងយល់បន្ថែម ពីភាពយឺតយ៉ាវនៃគំរោងមួយនេះនិងដើម្បីរិះរកដំណោះស្រាយពីបញ្ហាប្រឈមនានាក្នុងការជម្រុញល្បឿនសាងសង់ឲ្យបានលឿនជាងមុន។

បើតាមការគូសបញ្ជាក់ ពីឯកឧត្តមប្រធានអង្គភាពរដ្ឋាករទឹកខេត្ត បានបន្ថែមឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តមានស្ថានីយ៍ផលិតទឹកស្អាត ចំនួន៣កន្លែងរួចមកហើយ (មួយកំពុងសាងសង់) ហើយដែលអាចផលិតទឹកស្អាតក្នុងមួយថ្ងៃ ប្រមាណ ជាង៨ម៉ឺនម៉ែត្រត្រីគុណ ខណៈដែលតម្រូវការក្នុងការផ្គត់ផ្គង់មិនទាន់ឆ្លើយតប ពីតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងនិងបណ្តាស្រុកនានាមួយចំនួន។

ឯកឧត្តម អ៊ុត ក្លឹង ក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថាទោះបីខេត្តបាត់ដំបងមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែងរួចមកហើយ តែបច្ចុប្បន្ននេះរោងចក្រដែលកំពុងតែផលិតទឹកស្អាត ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃគឺមានតែ២រោងចក្រប៉ុណ្ណោះ ដែលកំពុងតែដំណើរការផលិត។ដោយក្នុងនោះរោងចក្រទី១ក្នុងក្រុងបាត់ដំបង ផលិតទឹកស្អាត បានប្រមាណ១១ពាន់៥២០ម៉ែត្រត្រីគុណ/ក្នុងមួយថ្ងៃ។រោងចក្រទី២វត្តលៀប ផលិតក្នុងមួយថ្ងៃ បានប្រមាណ ២ម៉ឺន២ពាន់ម៉ែត្រត្រីគុណ/ក្នុងមួយថ្ងៃ។ រោងចក្រទី៣ កំពង់សីមា ដែលកំពុងតែដំណើរការសាងសង់បាននិងក្រោយពីការសាងសង់រួចអាចផលិតទឹកស្អាតក្ន្ងុងមួយថ្ងៃបានប្រមាណ ៥ម៉ឺនម៉ែត្រត្រីគុណ។ ដោយឡែកគម្រោង រោងចក្រផលិតទឹកស្អាតទី៤.ដែលគ្រោងសាងសង់នៅពេលខាងមុខ អាចផលិតទឹកស្អាតក្នុងមួយថ្ងៃបានប្រមាណ ២ម៉ឺន២ពាន់ម៉ែត្រត្រីគុណ។ 

ឯកឧត្តម អ៊ុត ក្លឹង បានផ្តោតការរំពឹងទុកថា យ៉ាងយូរនៅឆ្នាំ២០២៥ខាងមុខ ខេត្តបាត់ដំបងនិងមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែង មានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ៨ម៉ឺនមែត្រត្រីគុណ ដែលអាចឆ្លើយតបទៅនិងផែនការថ្នាក់ជាតិក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងទីប្រជុំជនមានទឹកស្អាតប្រើប្រាស់៨០ទៅ៨៥%នៅត្រឹមឆ្នាំ២០២៥។ហើយប្រសិនបើការសិក្សាពីគម្រោងសាងសង់រោងចក្រ ផលិតទឹកស្អាតទី៤ត្រូវបានបញ្ចប់និងមានសមត្ថភាពក្នុងការផលិតទឹកស្អាតនិងផ្គត់ផ្គង់ការប្រើប្រាស់ជាង២ម៉ឺនម៉ែត្រត្រីគុណបន្ថែមទៀត។ ខេត្តបាត់ដំបងនិងផលិតទឹកស្អាត ដើម្បីបម្រើតម្រូវការប្រើប្រាស់ចាំបាច់ ក្នុងមួយថ្ងៃប្រមាណជាង១០ម៉ឺនម៉ែត្រត្រីគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here