រដ្ឋមន្រ្តីការបរទេស ហុងគ្រី ធ្វើតេស្តឃើញវីរុសកូវីដ១៩ពេលទៅដល់ថៃ ខណៈមន្រ្តីកម្ពុជាដែលមានទំនាក់ទំនងផ្ទាល់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក

0
27

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto ធ្វើត្រូវបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩ពេលទៅដល់ប្រទេសថៃ ខណៈមន្រ្តីទាំងអស់របស់កម្ពុជាដែលមានទំនាក់ទំនងផ្ទាល់ជាមួយលោករដ្ឋមន្រ្តីការបរទេសរូបនេះត្រូវដាក់ឲ្យនៅដាច់ដោយឡែក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍ នៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto បានធ្វើតេស្តរកឃើញវីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសហុងគ្រីរូបនេះ កំពុងបំពេញទស្សនកិច្ចផ្លូវការ  នៅប្រទេសថៃ  ដោយមិនមានលេចចេញ               រោគសញ្ញាអ្វីឡើយ។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃនេះបញ្ជាក់ថាកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្រ្តី មានលទ្ធផលវិជ្ជមាន។ សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ច ធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួង សុខាភិបាល។សូមរំលឹកថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here