ភ្នំពេញ៖ ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។
កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ព្រឹកមកមានភ្ញៀវទេសចរជាតិបានយកជម្រាល ផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។
កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។
សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ៕