បាត់ដំបង៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចាត់តំណាងសាខាដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្តនិងជាសមាជិកគណៈកម្មាធិការសាខា និងសហការី រួមជាមួយអនុសាខា ក្រុមកាកបាទក្រហមឃុនអ្នកស្ម័គ្រចិត្តភូមិ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតតាមខ្នងផ្ទះ រួមមាន ចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ និងអ្នកទីទ័លក្រ សរុបចំនួន ៥គ្រួសារ រស់នៅភូមិអំពិលជូង ឃុំមាជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ក្នុងនាម ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ផេងសិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមសុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ មុង១ ភួយ១, ក្រមា១ សារុង១និងថវិកាមួយ ចំនួន ដោយឡែកគ្រួសារ លោក ជុំ ជា អាយុ៤២ ឆ្នាំមានជំងឺប្រចាំកាយពិកាដេកមួយកកន្លែង (ពិការ៤ឆ្នាំ) បានបន្ថែម អង្ករ ៥០គីឡូក្រាម, មី២កេស,ត្រីខ ២០កំប៉ុង, ទឹកត្រី ២យួរ, ទឹកស៉ីអ៉ីវ២យួរ មុង១ភួយ១, ក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕