ចោរឆក់២នាក់ រួមនឹងអាវុធខ្លី១ដើម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការហើយ!

0
9

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបនិងទូរស័ព្ទ) និងកាន់កាប់អាវុធដោយខុសច្បាប់។
ជនសង្ស័យទាំងពីរមានឈ្មោះ ៖

១-ឈ្មោះ ម៉ែន សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ អ្នកចាក់ភ្លេង (DJ) ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ ចាង សុវណ្ណរតនៈ ហៅ តង ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ ជាងឈើ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងជាង០២ទាបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កម្លាំងល្បាតអាវុធហត្ថ ខណ្ឌបឹងកេងកង ចាប់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតកាំភ្លើងខ្លី១ដើមម៉ាក K59 ក្រោយពីរូបគេទាំងពីរធ្វើសកម្មភាពឆក់កាបូប និងទូរសព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទ ហើយត្រូវបាននារីរងគ្រោះ ស្រែកឆោរឡោផ្អើលដល់ប្រជាពលរដ្ឋ យកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យបំរ៉ុងដកកាំភ្លើងបាញ់រំដោះខ្លួន ក៏ជ្រុះកាំភ្លើងទៅលើដី ខណៈនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង មកដល់ ជួយអន្តរាគមន៍ចាប់វាយខ្នោះបទាំង២នាក់តែម្ដង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យទាំងពីរ បានសារភាពឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូប និងទូរសព្ទដៃ ពីនារីរងគ្រោះពិតប្រាកដមែន ហើយរូបគេទាំងពីរតែង ប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣ដងហើយទាំងលើកនេះ ដោយលើកទី១ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ឆក់បានទូរសព្ទដៃ១គ្រឿងនៅចំណុចសាលារៀនសន្ធរម៉ុក លើកទី២ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ផងដែរ ធ្វើសកម្មភាពឆក់មិនបានសម្រេច នៅចំណុចស្ពានអាកាស៥មករា ជាប់វិទ្យាស្ថានតិចណូ និងលើកទី៣នេះ ធ្វើសកម្មភាពមិនបានសម្រេចថែមទាំងត្រូវបាន កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកងចាប់វាយខ្នោះ ជាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here