សមយុទ្ធសុខាភិបាលជាមួយចិន កម្ពុជាទទួលបានការបង្កើនសមត្ថភាពផ្នែកសង្រ្គោះដល់កងទ័ព

0
15

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការធ្វើសមយុទ្ធផ្នែក សុខាភិបាលជាមួយកងទ័ពចិននាពេលនេះ គឺដើម្បីបង្កើនសមត្ថភាពផ្នែកសង្រ្គោះដល់កងទ័ពកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃការធ្វើសមយុទ្ធ រវាងកងទ័ពកម្ពុជា-ចិនផ្នែកសុខាភិបាលដែលមានឈ្មោះថា«ទេវតាសន្តិភាពឆ្នាំ២០២៣» នាថ្ងៃទី១៦ ខែកញ្ញានេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិន ក្រៅពីផ្លាស់ប្តូរបទពិសោធន៍គ្នាផ្នែកសង្រ្គោះគ្រោះមហន្តរាយ ក៏ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិនផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា សមយុទ្ធនេះគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។

សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជាលើកដំបូងផ្នែកសុខាភិបាលនេះ ភាគីទាំងពីរបានកំណត់យកប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។

សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប៕

ដោយ៖ បាន ធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here