ភ្នំពេញ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងថា បង្កងកណ្តូបរស់កម្ពុជា ចំនួន៤៥គីឡូក្រាម បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង បន្ទាប់ពីទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលកញ្ញា ជួបក្រុមអ្នកសារព័ត៌មាន មុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោមគម្រោង CAPFish នៅរាធានី-ខេត្ដចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ និងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
កញ្ញា អ៊ឹម រចនា បានថ្លែងបន្តថា “យើងបាននាំចេញជាលើកដំបូង នូវវារីរស់ (បង្កងកណ្ដូប) ទៅកាន់ទីផ្សារប្រទេសចិន ហើយការនាំចេញនេះ បានធ្វើឡើង កាលម្សិលមិញ ក្នុងបរិមាណ៤៥គីឡូក្រាម”។
កញ្ញាបានបញ្ជាក់ដា “ការនាំចេញវារីស្រស់ (បង្កងកណ្ដូបពីរ) នេះ គឺបានធ្វើការនាំចេញ កាលពីម្សិលមិញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈបច្ចុប្បន្ន បង្កងកណ្តូប ដែលនាំចេញនេះ ត្រូវបានដល់ប្រទេសចិនហើយ” ។
គួឲ្យដឹងផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។
គូសបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលទាំងនោះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា៕
ដោយ៖ បាន ធារ៉ា