ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសអាសន្ន ឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេដងព្រែកត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់ ដោយសារតែស្ថានភាពទឹកនៅក្នុងខេត្តក្រចេះមានការហក់ឡើងដល់ ១៩,៩៥ម៉ែត្រ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
តាមរយៈការព្យាករណ៍ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះនាថ្ងៃស្អែក នឹងមានការហក់ឡើងដល់ ១៩,៩៨ម៉ែត្រ និងកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅក្នុងខេត្តក្រចេះគឺកម្ពស់ ២២ម៉ែត្រ។
រដ្ឋបាលខេត្ដ បានចេញសារប្រកាសអាសន្ន ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងតាមដងព្រែកឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើបញ្ហាទឹកជំនួននេះហើយក៏បានលិចឃុំមួយចំននួក្នុងស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ។
រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងរៀបចំទុកជាមុននូវរបស់របរ សម្ភារៈសំខាន់ៗដូចជា៖
១.វេចខ្ចប់សម្ភារសំខាន់ៗទុកជាមុន ដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ថវិកា និងឯកសារផ្សេងៗ
២.ត្រៀមបម្រុងទុក្ខសម្ភារសំខាន់ៗ ដូចជា ស្បៀង ទឹកកញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ ភួយ អាវភ្លៀង ទូរសព្ទ ដែលមានប្រព័ន្ធ ១២៩៤ និងសម្ភារដទៃដទៃទៀត។ ៣.បើមិនមានការចាំបាច់កុំចេញធ្វើដំណើរឬទៅនេសាទ
៤.ត្រូវប្រមូល និងរៀបចំទុកដាក់ភោគផលកសិកម្មដែលអាចប្រឈមទៅនឹងទឹកជំនន់ ដើម្បីចៀសវាងការខូចខាតឬការបាត់បង់ធ្ងន់ធ្ងរ។
៥.ត្រូវចងផ្ទះសំបែងឲ្យបានរឹងមាំ និងណែនាំឲ្យកូនចៅកុំឲ្យទៅជិតឬលេងក្បែរតំបន់ងាយរងគ្រោះ
៦.ត្រូវយកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤៕
ដោយ៖ បាន ធារ៉ា





