ភ្នំពេញ៖ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ សូមគោរពជូនចំពោះឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ ឯកឧត្តម សុខ លូ បានលើកឡើងថា យើងខ្ញុំទាំងអស់គ្នាជាគណ:កិត្តិយសសាខា គណ:កម្មាធិការសាខាអនុសាខា មន្ត្រីប្រតិបត្តិ លោកគ្រូទីប្រឹក្សា អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត សោកស្ដាយជាអនេក ចំពោះ ដំណឹងមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានទទួលមរណភាព នៅ ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:៥៦នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
ក្នុងឱកាសដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងព្រម ទាំងសោក ស្តាយជាទីបំផុតជាមួយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ព្រមទាំង ក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវ ម្ដាយ ជីដូន និងជីទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកប ដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណ៏ដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារ ។
យើងខ្ញុំសូមលំឱនកាយលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុង លោក និងតេជ:បារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូមឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោ សញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕


