ភ្នំពេញ៖ ក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តតាកែវ ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ក្រុមអ្នកវិភាគមួយចំនួន ដែលតែងវាយប្រហាររាជរដ្ឋាភិបាល គួរតែមានស្មារតីជាតិនិយមខ្លះផង ហើយត្រូវចេះលើកសរសើរអ្វីដែលពលរដ្ឋខ្មែរបានធ្វើកន្លងមក។
សម្តេចធិបតី បានបញ្ជាក់ថា “ខ្ញុំមិនចង់ឱ្យកូនខ្មែរ កូនខ្ញុំ ចៅខ្ញុំ ចៅទួតខ្ញុំ ដែលថ្ងៃណាមួយបាត់អត្តសញ្ញាណ ឬមួយធ្វើជាជនជាតិខ្មែរក្រោមរណបនរណាមួយទេ មិនអាចធ្វើបានទេ សម្តេចតេជោ ក៏ដូចគ្នា ថ្នាក់ដឹកនាំយើងក៏ដូចគ្នា”។
សម្តេចធិបតីបន្ថែមថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ធ្វើទំនាក់ទំនងជាមួយរដ្ឋដទៃដោយស្មើមុខស្មើមាត់ ដែលសម្តេចបានបញ្ជាក់ថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែបានអង្គុយស្មើមុខស្មើមាត់ជាមួយនឹង ប្រធានាធបិតីចិន ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ។
សម្តេចបានបន្ថែមថា ដំណើររបស់សម្តេចទៅកាន់ប្រទេសចិន មានអ្នកបកស្រាយច្រើន ហើយវាយប្រហារថាជាការខាតបង់របស់កម្ពុជាជាដើម។
សម្តេចបានបញ្ជាក់បន្ថែមថា “អ្នកវិភាគ សិទ្ធិ(អ្នក)ក៏សិទ្ធិចុះ ប៉ុន្តែសូមឱ្យមានស្មារតីជាតិនិយមខ្លះផង វាយប្រហាររាជរដ្ឋាភិបាល វាយចំណុចខ្សោយក៏វាយទៅ ប៉ុន្តែគួរគិតពីអ្វី ទទួលស្គាល់ អ្វីដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនយើងផ្ទាល់ សូមលើកសរសើរខ្លះផង”៕