ភ្នំពេញ៖ អ្វីៗត្រូវបានប្រែប្រួល ក្រោយបានទទួលដំណឹង ពីការរកឃើញវិជ្ជមាន នៃវីរុសកូវីដ១៩ លើលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា។ នៅក្នុងនោះគម្រោងចំនួនពីរ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ត្រូវបានពន្យាពេលផងដែរ រួមមានកម្មវិធី ចែកស្រូវពូជ និងជំនួយសង្រ្គោះ នៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ រួមទាំងកម្មវិធី បើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែវិច្ឆិកា សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា«សូមអភ័យទោសពីបងប្អូនជនរួមជាតិ នៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែល ខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃ បើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ ។»
សម្ដេចបញ្ជាក់បន្ថែមថា «ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូល អ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។»
សម្ដេចបន្តថា ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវអោយខ្ញុំ រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូននិងចៅ ក៏មិនអាចជួបបានដែរ។
នៅក្នុងនោះសម្ដេច បានសូមព្រះរាជទានទោស ពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលសម្ដេច មិនអាចដង្ហែរព្រះអង្គយាង មកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បាន។
សម្ដេចបន្តថា សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែល ខ្ញុំមិនអាចចូលរួមប្រជុំ បានដែលខ្ញុំនឹងចាត់តំណាង ចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។
អ្វីជាទំនួលខុសត្រូវ ក្នុងនាមថ្នាក់ដឹកនាំនៃប្រទេសជាតិ សម្ដេចតេជោ នាយករដមន្រ្តី បានបញ្ជាក់ថា «ទោះត្រូវអាក់ខានចេញពីផ្ទះ ដែលជាការតម្រូវរបស់គ្រូពេទ្យ ក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានា របស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល»។
សម្ដេចបន្ថែមថា ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោល នៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱយមនុស្សដទៃ មកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ៕