ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទូត រុស្ស៊ី ប្រចាំកម្ពុជាថា បើទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូន។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «បើទោះបីជាស្ថិតក្នុងបរិការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី នៅតែដំណើរ ការទៅមុខដោយរលូន ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងវប្ប-ធម៌»។
លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការជំរុញ កិច្ចសហប្រតិបត្តិការទាំងនេះឲ្យ កាន់តែសកម្មថែមទៀត ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនពីរុស្ស៊ី មកដាក់ទុន វិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ច។
ចំណែក លោក Anatoly Borovik បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី នឹងបន្តជួយដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។
ជាងនេះទៅទៀត លោកក៏បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ ត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងសង្គម ហើយគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះបានយ៉ាងល្អប្រសើរ។
ឆ្លៀតឱកាសនោះដែរ ទូតរុស្ស៊ី ប្រចាំកម្ពុជា ក៏បានលើកឡើងថា ដោយមើលឃើញពីសក្តានុពល នៃប្រទេសកម្ពុជា មានក្រុមហ៊ុនរុស្ស៊ីជាច្រើន ទាំងក្រុមហ៊ុនធំ និងមធ្យម កំពុងមានចំណាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាព ក្នុងការដាក់ទុនវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា ។ ជាងនេះទៅទៀត ទូតរុស្ស៊ី ជឿជាក់ថា នាពេលខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងជាបន្តបន្ទាប់៕