«សម្តេចព្រះមហាក្សត្រី សាក្សីប្រវត្តិសាស្រ្ត នៃចំណងមិត្តភាព កម្ពុជា-ចិន»

0
11

ចាប់តាំងពីការបង្កើតចំណងមិត្តភាពជាផ្លូវការរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៥៨ ក្រោយពីមានជំនួប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈក៏ខ្ពង់ខ្ពស់បំផុត ជាមួយ ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន ក្នុងសន្និសីទីក្រុងបានឌុង ស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ និងក្រោយពីមានដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦ ដែលអ្វីៗទាំងអស់នេះហើយ បានបន្សល់ទុកនូវព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងចំណងមិត្តភាពដ៏មានតម្លៃពុំអាចកាត់ថ្លៃបានចំពោះប្រជាជននៃប្រជាជាតិទាំងពីរ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមជំនួយដ៏សប្បុរស នៃមហាប្រជាជនចិន ដូចទៅនឹងការលើកឡើងរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing ដែលបានថ្លែងក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជាថា « ផឹកទឹក មិនភ្លេចដល់អ្នកជីកអណ្តូង … ហើយ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ… ព្រះអង្គជាអ្នកជីកអណ្តូង »។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គបានរួមចំណែកដ៏សំខាន់បំផុត ជាមួយ សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងឯកឧត្តម ជូ អេនឡាយ ក្នុងនាម លោកប្រធាន ម៉ៅ សេទុង និងមហាប្រជាជនចិន ក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមកដល់ពេលបច្ចប្បន្ន ហើយ ព្រះអង្គ នៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង ៧០ឆ្នាំកន្លងមកនេះ។

ក្នុងព្រះបរមនាមជា ព្រះមហេសី នៃព្រះប្រមុខរដ្ឋ នៃប្រទេសមួយ ព្រះអង្គ បានគាល់បម្រើ និងរួមចំណែកយ៉ាងក្លៀវក្លា ជាមួយ សម្តេចឪ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសចិន មកកាន់កម្ពុជា ជាពិសេសក្រោយពេលដែលស្ថានការណ៍នយោបាយកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង ចំពោះការប្រឈមក្រោយរដ្ឋប្រហារ ថ្ងៃទី ៨ មីនា ធ្វើឲ្យ ព្រះអង្គទាំងទ្វេ ត្រូវភៀសព្រះកាយទៅគង់នៅទីក្រុងប៉េកាំង។

នៅក្នុងជីវិតនិរទេសនាទីក្រុងប៉េកាំង ព្រះអង្គ បានបំពេញព្រះរាជតួនាទីជាព្រះរាជលេខាធិការផ្ទាល់ របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយ ព្រះអង្គ បានជួយរៀបចំលិខិតឆ្លងឆ្លើយ លិខិតឯកសារផ្សេងៗ ការស្រង់ពត៌មាន និងការកត់ត្រាទុកនូវពត៌មានលើទំព័រការសែតដែលទាក់ទងនិងសភាពការណ៍នៃប្រទេសកម្ពុជា និងបំពេញព្រះរាជតួនាទីជាព្រះប្រធានកាកបាទក្រហមកម្ពុជា នៅក្រោមក្របខណ្ឌនៃរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា ។ ព្រះអង្គ បានផ្អាកព្រះរាជកិច្ច នៅពេលសោយក្រយាថ្ងៃត្រង់តែប៉ុណ្ណោះបន្ទាប់ពីគង់សម្រាកសោយក្រយាថ្ងៃត្រង់រួច ព្រះអង្គ បានបន្តព្រះរាជកិច្ចរបស់ទ្រង់បន្តទៀត។

នៅក្នុងកិច្ចសម្ភាស៍ដ៏កម្របំផុតរបស់ព្រះអង្គ នៅខែកក្កដា ឆ្នាំ១៩៧២ ព្រះអង្គមានព្រះរាជសវនីយ៍ថា « កាលពីមុន យើងមិនដែលស្គាល់នយោបាយទេ។ យើងមិនដែលចូលប្រឡូកក្នុងនយោបាយទេ។ ព្រះរាជហឫទ័យខ្វល់ខ្វាយរបស់យើងតែមួយគត់គឺ បេសកកម្មរបស់កាកបាទក្រហម និងភារកិច្ចផ្លូវការរបស់យើង ក្នុងនាមជាព្រះមហេសី នៃព្រះប្រមុខរដ្ឋ »។

ព្រះអង្គបន្តទៀតថា ចាប់តាំងពីពេលមានរដ្ឋប្រហារមក ព្រះអង្គ ត្រូវបង្ខំព្រះរាជហឫទ័យចូលប្រឡូកយ៉ាងសំខាន់ក្នុងសកម្មភាពនយោបាយ ដោយត្រូវខិតខំស្វែងយល់អំពីកិច្ចការអន្តរជាតិ និងជាពិសេស កាលៈទេសៈនានាជុំវិញប្រទេសកម្ពុជា។ ព្រះអង្គ បានដង្ហែ សម្តេចឪ យាងបំពេញព្រះរាជទស្សនកិច្ចនៅតាមខេត្តនានាជាច្រើន ទូទាំងសាធារណរដ្ឋប្រជាមានិតចិន ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីថ្នាក់ដឹកនាំកំពូលចិនគ្រប់ជំនាន់ និងមហាប្រជាជនចិន គ្រប់ស្រទាប់វណ្ណៈ និងក្នុងជំនួបនយោបាយសំខាន់ៗជាច្រើនរាប់មិនអស់ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន។ ស្ទើរតែជារៀងរាល់សប្តាហ៍នៅប្រទេសចិន ប្រជាជនចិនគ្រប់រូបតែងតែស្តាប់លឺនូវព្រះនាម ព្រះអង្គ ទាំងទ្វេតាមរយៈវិទ្យុជាតិដែលបានចេញផ្សាយពីព្រះរាជសកម្មភាពនានារបស់ទ្រង់ ទើបរហូតមកដល់ពេលនេះប្រសិនបើគេនិយាយដល់ប្រទេសកម្ពុជា រឿងទី១ដែលប្រជាជនចិនស្គាល់គឺព្រះនាម សម្តេចព្រះ នរោត្តម សីហនុ។

ឆ្លងកាត់ទំនាក់ទំនងជាច្រើនឆ្នាំ ចាប់តាំងពី លោកប្រធាន ម៉ៅ សេទុង មក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានថ្នាក់ដឹកនាំកំពូលចិនចាត់ទុកជាសាក្សីដ៏សំខាន់សម្រាប់ចំណងមិត្តភាពជាប្រវត្តិសាស្រ្តនេះ ហើយថ្នាក់ដឹកនាំចិនគ្រប់ជំនាន់តែងតែថ្វាយនូវព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងឧត្តុង្គឧត្តមជាទីបំផុត ថ្វាយចំពោះ ព្រះអង្គ ជាពិសេសគ្រប់ពេលដែលទ្រង់គង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងបុព្វហេតុនៃព្រះរាជកិច្ចជាប្រវត្តិសាស្រ្តដ៏សំខាន់នេះហើយ ទើបរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន ដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing ។

ដោយ Royal du Cambodge

LEAVE A REPLY

Please enter your comment!
Please enter your name here