ភ្នំពេញ៖ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រមានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣,១៧៦ម៉ែត្រ,អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣,១៧៦ម៉ែត្រ និងផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែង ៣,០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។
របាយការណ៍បន្តថា ទំនប់លើ ជាទំណប់ ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្ទៃអាងទំហំ ៤,២ហិកតា,ទំនប់អាងប្រវែង ៧៩៩ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ,សំណង់សិល្បការលម្អជើងទេ មានទំហំ ៥,១១៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ម៉ែត្រ។
ដោយឡែកទំនប់ក្រោម ជាទំនប់ស្ថិតក្នុងក្រុងសែនមនោរម្យផងដែរ។ ទំនប់នេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា៖ ផ្ទៃអាងទំហំ ៤,៤២ហិកតា, ទំនប់អាងប្រវែង ១ ៤៨០ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១,៧២៣ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរមានទំហំ ៧,៨៨៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង ១, ៧២៣ម៉ែត្រ៕