ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងស្នើអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
ការស្នើសុំនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះផង និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ក្នុងនាមរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ ជាកន្លែងប្រារព្ធព្រះរាជពិធី។
បន្ថែមពីនេះឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្ត នៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអនុវត្តតាមអនុសាសន៏ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ៕




