ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស។
ឯកឧត្ដមបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
នៅក្នុងកិច្ចប្រជុំឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ នៃចំណុចសំខាន់ៗ ក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុខតាមបែបនិយាមស្តង់ដា រួមមាន៖ ១) ការគិតទៅលើគោលការណ៍ និងគោលនយោបាយសុខាភិបាល ដែលជាការសម្របសម្រួលមានប្រសិទ្ធភាព នៃសកម្មភាពផ្តល់សេវាសធារណៈ ទទួលបានប្រសិទ្ធខ្ពស់ និងឈានដល់គោលដៅកំណត់ ២) ដំណើរការ ដោយត្រូវមាននិយាមការងារ ភាពច្បាស់លាស់ (ទាំងធនធានមនុស្ស និងជំនាញ) របៀបរបបនៃការធ្វើការងារ និងការកំណត់ផែនការ ៣) បច្ចេកទេស៖ ត្រូវមានការងារសកម្មភាពបែបលក្ខណៈបណ្តុះបណ្តាល ត្រូវពិនិត្យទៅលើគម្រោងការងារនីមួយៗ វិធីសាស្ត្រនៃការអនុវត្តការងារ ដើម្បីអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធខ្ពស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេស សូមបង្កើនការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ និងលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារ និងបង្ការសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលទើបកន្លងផុតថ្មីៗ ដោយភាពរលូន និងជាទីមោទនភាព៕