ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ចំនួនជាង៥០០តោន ត្រូវបានសមត្ថកិច្ចកម្ទេចចោល

0
9

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកម្ទេចចោលឱសថខុសច្បាប់ ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយ ចំនួន៥៣៣តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប និងរឹបអូសនាពេលកន្លង។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

បើតាមប្រសាសន៍របស់ នាយឧត្តមមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ការកម្ទេចចោលឱសថអន់គុណភាព និងផលិតផលក្លែងក្លាយនៅពេលនេះ គឺមាន០៦មុខរួមមាន៖ ផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្ម បារីអេឡិចត្រូនិច ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ។ ឯកឧត្តម បន្តថា ផលិតផលក្លែងក្លាយត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ឋជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាតបង់ដល់វិស័យសេដ្ឋកិច្ចជាតិ។ ទស្សនៈវិស័យ និងបេសកម្មរបស់គណៈកម្មាធិការ គឺមិនត្រឹមតែបាននឹងកំពុងការពារ និងលើកស្ទួយសុខុមាលភាពប្រជាជនយើងប៉ុណ្ណោះទេ ហើយថែមទាំងធ្វើអោយអ្នកវិនិយោគទាំងឡាយនាំគ្នាគោរពច្បាប់ និងនាំចំណូលបង្កើនពន្ឋជូនរដ្ឋ។

នាឱកាសនោះដែរ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានលើកឡើងផងដែរថា ឱសថក្លែងក្លាយ ឱសថខូចគុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់បានបង្កគ្រោះថ្នាក់ និងផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាជនរួមមាន៖

១-គឺគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់ឱសថ និងផលិតផលផ្សេងៗជាទូទៅមានសារសំខាន់ណាស់សម្រាប់ការព្យាបាល និងជួយដល់សុខភាពប្រជាពលរដ្ឋ ប៉ុន្តែការប្រើប្រាស់ឱសថ និងផលិតផលក្លែងក្លាយខុសច្បាប់ មិនត្រឹមតែមិនអាចជួយព្យាបាលជំងឺ និងជួយទ្រទ្រង់ដល់សុខភាពឲ្យបានល្អទេផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចជាការបង្កជាជំងឺផ្សេងៗ ការបង្កើននូវកម្រិតភាពសាំនៃវីរុស ឬបាក់តេរីជាមួយឱសថ ឬអាចទាំងសម្លាប់អ្នកប្រើប្រាស់ទៀតផង។

២-គឺផលប៉ះពាល់ផ្នែកសង្គម ជាពិសេសទំនុកចិត្តរបស់ប្រជាពលរដ្ឋអាចធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់នូវទំនុកចិត្តលើប្រព័ន្ធសុខាភិបាល និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការប្រើប្រាស់ផលិតផលនានាក្នុងស្រុក។

៣-គឺប៉ះពាល់ដល់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជន ទាំងសេដ្ឋកិច្ចជាតិ អ្នកប្រើប្រាស់ត្រូវខាតបង់ថវិកាសម្រាប់ទិញឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ផង និងថវិកាបន្ថែមសម្រាប់ព្យាបាលជំងឺដែលអាចបង្កឡើងដោយសារការប្រើប្រាស់ឱសថខូចគុណភាពនោះ។ លើសពីនេះទៀតអ្នកប្រើប្រាស់ត្រូវខាតបង់ពេលវេលាធ្វើការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារទៀតនៅពេលដែលអ្នកប្រើប្រាស់ធ្លាក់ខ្លួនឈឺ និងការព្យាបាលជំងឺត្រូវចំណាយពេលយូរ។

គួរបញ្ជាក់ដែរថា នេះគឺជាលើកទី០៩ហើយដែលគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយ ជាពិសេសផលិតផលដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here