នាយករដ្ឋមន្រ្តី ណែនាំកូនខ្មែរត្រូវខិតខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព និងម្ចាស់ការខ្លួនឯង

0
3

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបចំពោះការព្រួយបារម្ភ របស់ពលរដ្ឋខ្មែរមួយចំនួន ជុំវិញបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែលកាន់តែភ័យខ្លាចបាត់ប្រទេស កូនខ្មែររឹតតែត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព និងម្ចាស់ការខ្លួនឯង។

សម្ដេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចន្លោះឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ មានប្រមាណ៥លាននាក់ ក្នុងនោះឆ្លងកាត់សង្គ្រាម ជាពិសេស របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ ពលរដ្ឋខ្មែរ អស់ជាច្រើនលាននាក់បន្ថែម តែក្រោយការរំដោះប្រទេស និងគិតមកដល់បច្ចុប្បន្ន កម្ពុជាមានប្រជាពលរដ្ឋ ប្រមាណ១៧លាននាក់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានឱកាសជាងជំនាន់មុនៗ។ ក្នុងនោះសម្តេចធិបតី ឱ្យនាំគ្នាបន្តធ្វើយ៉ាងណា ឱ្យក្មេងៗកាន់តែពង្រឹង និងកាន់តែមានឱកាស រឹងមាំខ្លាំងជាងជំនាន់មុនៗតទៅទៀត ខណៈដែលនេះជាគោលដៅ ដែលរដ្ឋាភិបាលបានដាក់ចេញ តាមរយៈវិនិយោគ នៅក្នុងការកសាង និងអភិវឌ្ឍនៅក្នុងវិស័យអប់រំ ឱ្យកាន់តែរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here