គុយបា អគុណកម្ពុជា ដែលបានជួយគាំទ្រ ប្រទេសខ្លួន ក្នុងអំឡុងពេល នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក

0
16

ភ្នំពេញ៖ រដ្ឋាភិបាលគុយបា តារយៈលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា (Republic of Cuba) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គុយបា អគុណកម្ពុជា ដែលបានជួយគាំទ្រ ប្រទេសខ្លួន ក្នុងអំឡុងពេល នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក ។នេះបើយោងតាមហ្វេសប៊ុកផេករបស់ ក្រសួងផែនការ។

នៅក្នុងជំនួបពិភាក្សាការជាមួយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី Liurka Rodriguez Barrios បានបញ្ជាក់ថា «កម្ពុជាគឺជាមិត្តភ័ក្ត្រដ៏ល្អបំផុត ហើយលោកស្រីសូមថ្លែងអំណរគុណ នូវទឹកចិត្តដ៏ថ្លែថ្លា របស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រ ដល់សាធារណរដ្ឋគូបា ក្នុងអំឡុងពេល នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក‍»។

នៅក្នុងជំនួបនេះ លោក ឆាយ ថន បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ថ្លែថ្លា របស់លោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា (Republic of Cuba) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកស្រី នឹងរឹតតែធ្វើឱ្យចំណងមិត្តភាព ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលមានចាប់តាំងពីកំឡុងទស្សវត្សរ៍ទី៦០ មកកាន់តែមានភាពរឹងមាំខ្លាំងក្លា     ថែមទៀត។

ក្នុងជំនួបន៉ផងដែរ លោកទេសរដ្ឋរដ្ឋមន្រ្តី បានលើកឡើងពីប្រវត្តិ ដែលកាលពី២០ឆ្នាំមុន លោកបានចូលរួមអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនៈកិច្ចផ្លូវការ ទៅកាន់ទីក្រុងហាវ៉ាណា នៃសាធារណរដ្ឋគុយបា។ លោកក៏បានលើកឡើងផងដែរ នូវកិច្ចសហប្រតិបត្តិការទ្វេរភាគី នៃប្រទេសទាំងពីរ ជាពិសេស បានថ្លែងនូវអំណរគុណ ចំពោះសាធារណរដ្ឋគូបា ដែលបានផ្តល់នូវអាហារូបករណ៍បណ្តុះបណ្តាលនិស្សិតកម្ពុជា លើមុខវិជ្ជាសំខាន់ៗជាច្រើន ព្រមទាំងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាពាក់ព័ន្ធ នឹងវិស័យសុខាភិបាល។

ថ្លែងក្នុងជំនួបនេះដែរ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ នៃការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា និងជាពិសេសពាក់ព័ន្ធ ធនធានមនុស្សរបស់កម្ពុជា ដែលមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងនេះផងដែរ លោកស្រី ស្នើសុំអោយមាន កិច្ចសហប្រតិបត្តិការ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច បន្ថែមទៀត និយាយជារួម និងនិយាយដោយឡែក លោកស្រីចង់ឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ការងារ រវាងក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងផែនការ នៃសាធារណរដ្ឋគុយបា ដើម្បីឱ្យប្រទេស របស់លោកស្រី មានការអភិវឌ្ឍ យ៉ាងឆាប់រហ័សដូចកម្ពុជា។

លោកស្រី បានសំណូមពរ ដល់ក្រសួងផែនការ សូមជួយចែករំលែកព័ត៌មាន បន្ថែមពាក់ព័ន្ធនឹងការងារស្ថិតិ ដែលជាផ្នែកមួយដ៏សំខាន់ នៃការអភិវឌ្ឍ រួមទាំងបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងការកំណត់ អត្តសញ្ញណកម្ម គ្រួសារក្រីក្រ នៅកម្ពុជា។

លោកស្រី បានមានការសោកស្តាយ ដោយឆ្នាំនេះ ជាឆ្នាំខួបលើកទី៦០ ចំណងការទូត នៃប្រទេសទាំងពីរ ប៉ុន្តែដោយសារបញ្ហា នៃការរីករាលដាលនៃជំងឺកូវីដ១៩ វាបានធ្វើឱ្យការប្រារព្វពិធីខួបលើកទី៦០ ចំណងការទូត នៃប្រទេសទាំងពីរមានការខកខាន ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនូវតែខិតខំ ពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាទីបញ្វប់ សមភាគីទាំងពីរ បានប្តេជ្ញាបន្ត និងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៃប្រទេសទាំងពីរ ឱ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។

សូមជម្រាបផងដែរថា លោកស្រីឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយ សារតាំង ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here