រដ្ឋមន្រ្តីមហាផ្ទៃ៖ មន្រ្តីមួយចំនួន តែងគេចវេស ពីការដោះស្រាយបញ្ហា ចំពោះពាក្យបណ្ដឹងនានា (មានវីដេអូ)

0
12

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានលើកឡើងថា កន្លងមកមានមន្រ្តីមួយចំនួនតែងតែ គេចវេសពីការដោះស្រាយបញ្ហា ចំពោះពាក្យបណ្ដឹងនានា នៅតាមបណ្ដាសារព័ត៌មាន និងហ្វេសប៊ុក។

ថ្លែងក្នុងសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់ រៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ការចុះផ្សាយនៅតាមបណ្ដាកាសែត សារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកនានា សុទ្ធតែជាពាក្យដែលត្រូវតែដោះស្រាយ។

សម្ដេចបានលើកឡើងថា «ទោះបីប្រភពព័ត៌មាន និងពាក្យបណ្ដឹងមកពីណាក៏ដោយ ទោះចុះតាមកាសែតក៏យើងចាត់ទុកជាពាក្យបណ្ដឹងដែរ! ព័ត៌មានកាសែតមកបានន័យថា គេមានប្រភពច្បាស់លាស់របស់គេ! តាមបណ្ដាញហ្វេសប៊ុកនានាយើងដក ស្រង់មកមួយថ្ងៃ មានប៉ុន្មានរឿង ពាក់ព័ន្ធនឹងក្រសួង យើងយកមកដើម្បីចាត់អោយអធិការកិច្ច ធ្វើការបែកចែកទៅតាមសមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយ»។

ជាក់ស្ដែងសម្ដេចបានលើកឡើងថា កន្លងមកមានករណីមួយ ទាក់ទងទៅនឹងព័ត៌មាន ម្ដាយលក់កូន ដែលបានចុះផ្សាយដោយទូរទស្សន៍វិធ្យាធូដេ គឺសម្ដេចបានដឹងនឹងមើលឃើញ នៅតាមទូរទស្សន៍ទេ ហើយក៏បានតេសួរទៅបានបង្កអោយមាន ភ្ញាក់ផ្អើលទាំងអស់គ្នា!

សម្ដេចបញ្ជាក់បន្ថែមថា « ចឹងបានថារាល់ព័ត៌មានទាំងអស់នឹង គឺសុទ្ធតែជាបណ្ដឹងហើយ មិនចាំបាច់ថា មានពាក្យបណ្ដឹងជាលាយលក្ខអក្សរ ហើយត្រូវបានដោះស្រាយដោយមិនបាច់ចាំជួបមុខគ្នា ហើយក៏មិនចាំបាច់ប្រើក្រដាស់ស្នាម»។

ពាក់ព័ន្ធទៅនឹងការដោះស្រាយពាក្យបណ្ដឹងនេះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអោយដឹងថា កន្លងមកមានមន្រ្តីមួយចំនួនតែងតែ គេចវេសពីការដោះស្រាយបញ្ហា ចំពោះពាក្យបណ្ដឹងនានា នៅតាមបណ្ដាសារព័ត៌មាន និងហ្វេសប៊ុក។

សម្ដេចបញ្ជាក់ថា «មន្រ្តីយើងជួនអីគេចម៉ង អោយតែលឺរឿងនេះគេច លឺរឿងនោះគេច ចុះបើគេអោយនៅទទួលខុសត្រូវហើយ ទៅគេចយ៉ាងមិចកុំគេច! យើងជួបប្រទះនូវបញ្ហា លំបាកច្រើនកាលណា នាំអោយយើងមានសមត្ថភាព ចេះដឹង យល់ដឹង មានបទពិសោធន៍កាន់តែច្រើន ហើយតែគេចបញ្ហាអត់ដឹងខ្យល់អីទេ ។ហើយមើលបញ្ហាទាំងអស់សាមញ្ញៗ គ្រប់តែបញ្ហាទាំងអស់ ប៉ុន្តែអារឿងនៅកន្លែងខ្លួននឹងមានបញ្ហាសំម៉ាមប៉ាក មិនព្រមដោះស្រាយទេ»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here