កំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយក្រោយគ្លីនិកឯកជន យឹម ផល្លា ធ្វើការសម្រាល់កូនអោយស្ត្រីម្នាក់បណ្តាលអោយស្លាប់ទាំងម្តាយ និងទារក មានទីតាំងនៅខាងជើងផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
នេះបើយោងតាមប្រភពពីប្តីស្ត្រីរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។ ប្តីរបស់ស្ត្រីរងគ្រោះបានបន្តទៀតថា នៅម៉ោងកើតហេតុខាងលើប្រពន្ធខ្លួនបានឈឺពោះសម្រាល់កូន ហើយក៏បានយកទៅកាន់គ្លីនិចខាងលើដើម្បីធ្វើការពិនិត្យ។ ក្រោយអ្នកគ្រូពេទ្យ យឹម ផល្លា ពិនិត្យរួចក៏បញ្ជាក់ថាអាចឆ្លង ទន្លេនៅកន្លែងគាត់ បានដោយអស់ថ្ងៃ ១លានរៀល។ ប៉ុន្តែអ្វីៗ មិនល្អនៅពេលដែលក្រោយសម្រាលដោយ ទារកបានស្លាប់ ហើយប្រពន្ធរបស់ជនរងគ្រោះកាន់តែខ្សោយទៅពីព្រោះធ្លាក់ឈាមច្រើនពេក។ ក្រោយសម្រេចចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ក៏មិនអាចជួយសង្គ្រោះបាន ពីព្រោះបញ្ជូនទៅយឺតពេលទៅហើយ៕