ទិសដៅ ៣ចំណុច ដែលសិក្ខាកាមបញ្ចប់វគ្គបំប៉ន ជំនាញនគរបាលចរាចរណ៍ផ្លូវទឹក ត្រូវយកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន

0
9

ភំ្នពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានដាក់ទិសដៅ ៣ចំណុច ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបំប៉ន ជំនាញនគរបាលចរាចរណ៍ផ្លូវទឹក ស្តីពីការបើកបរនាវា យកទៅអនុវត្ត ។

នៅក្នុងពិធីវគ្គបំប៉ន ជំនាញនគរបាលចរាចរណ៍ផ្លូវទឹក ស្តីពីការបើកបរនាវា នៅរសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ទិសដៅ៣ចំណុចនោះរួមមាន ៖ ១-ការពង្រឹងយន្តការបញ្ជាដឹកនាំ និងការកសាងសមត្ថភាពដល់មន្រ្តី ត្រូវយកចំណេះដឹងទៅបង្រៀនបន្ត, ២-យកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកឲ្យបាន, ៣-សណ្តាប់ធ្នាប់ចរចរណ៍ផ្លូវទឹក។

លោកអគ្គស្នងការរង បានផ្តាំផ្ញើដល់សិក្សាកាមទាំងអស់ ពេលត្រឡប់ទៅអង្គភាពវិញត្រូវបំពេញកិច្ចការឲ្យបានល្អប្រសើរ ក៏ដូចជាធ្វើកិច្ចការជូនលោកស្នងការ ដើម្បីឲ្យលោកស្នងការបានជ្រាប និងមានមូលដ្ឋានដឹកនាំបន្តលើការងារចរាចរណ៍ផ្លូវទឹក ហើយត្រូវយកចំណេះដឹងទាំងនេះ ទៅបណ្តុះបណ្តាលបន្តដល់មន្រ្តីផ្សេងទៀតក្នុងអង្គភាពជំនាញ ដើម្បីជាមូលដ្ឋានចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ក្នុងភូមិសាស្រ្តរាជធានី ឬខេត្តរបស់ខ្លួន។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ ដល់លោក ញ៉ែម សាវង្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងគ្រូបង្គោលទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការផ្តល់ចំណេះជំនាញទាំងនេះ ដល់សិក្ខាកាមដើម្បីយកទៅបណ្តុះបណ្តាលបន្ត ដល់មន្រ្តីផ្សេងទៀត ក្នុងអង្គភាពជំនាញរបស់ខ្លួន។

សូមបញ្ជាក់ថា វគ្គបំប៉នជំនាញនេះ ប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមាន សិក្ខាកាមចំនួន៥៧នាក់ មកពីនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអង្គភាព ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកទាំង១៧ រាជធានី-ខេត្តសរុប៤៩នាក់ ដែលមានភូមិសាស្ត្រជាប់ផ្លូវទឹក និងមកពីនាយកដ្ឋាននគរបាលទេសចរណ៍ ចំនួន៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here