ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។
យោងតាម សេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ការដែលក្រសួងសម្រេចយកសណ្ឋាគារនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងធ្វើចត្តាឡីស័ក ឱ្យបានសមរម្យ សម្រាប់អ្នកដែលពាក់ព័ន្ធ នឹងរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលផ្ទុកជំងឺកូវីដ១៩ ជាពិសេសចំពោះអ្នក ដែលមិនមានលទ្ធភាពក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯង។
សូមរំលឹកថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ទើបបានរកឃើញអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩ ពីរដ្ឋមន្រ្តីការបរទេសហុងគ្រី។
ជាមួយគ្នានោះសម្ដេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈសម្លេងសាររយៈពេលជាង៧នាទី ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ ហើយរួមគ្នាជម្នះឧបស័គ ចំពោះកម្ពុជានាពេលនេះ ៕