បាត់ដំបង៖ កាលរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងសាងសង់ស្ពានថ្មថ្មី ធ្វើនៅជិតស្ពានថ្មចាស់ទ្រុឌទ្រោម ដោយយកលំនាំដើមស្ពានចាស់ ដែលដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់នាយកដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីជំនាញពាក់ព័ន្ធចូលរួមផងដែរ។
ប្រតិភូអន្តរក្រសួងពាក់ព័ន្ធទាំង ក៏បានបញ្ចេញមតិ និងពិគ្រោះថា តើយើងគួរសាងសង់ស្ពានថ្មីនេះ នៅខាងណាស្ពានចាស់ ទើបល្អមិនប៉ះពាល់ដល់ស្ពានចាស់ ព្រមទាំងមានការជួសជុលស្ពានចាស់ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រសួង មន្ទីរជំនាញបានមានមតិចូលរួមអំពីបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់ស្ពានថ្មថ្មី អមស្ពានថ្មចាស់នេះ។ ស្ពានថ្មថ្មីនេះ ត្រូវសាងសង់មានចន្លោះចម្ងាយពីគ្នាប្រហែល៦ម៉ែត្រ នៅខាងត្បូងស្ពានចាស់ ដែលមានទទឹង៨ ម៉ែត្របណ្តោយប្រវែង១០០ម៉ែត្រ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះ ហើយយើងរង់ចាំការសម្រេច និងកញ្ចប់ថវិកាពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួសជុលស្ពានថ្មចាស់ដោយស្ពានថ្មី គឺកងវិស្វកម្មជាអ្នកធ្វើដោយកញ្ចប់ថវិកា ពីសប្បុរសជនផងដែរ។ ឯកឧត្តមក៏បានអំពាវនាវ និងជម្រាបជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងថា សូមកុំមានការបារម្ភទៀត ដោយស្ពានចាស់ក៏ជួសជុលអភិរក្ស ស្ពានថ្មីក៏ធ្វើបន្ថែម បានធ្វើដំណើរឆ្លងកាត់ ព្រមទាំងបានកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕