សម្ដេចស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាជនរងគ្រោះជំនន់ទឹកភ្លៀង ជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង

0
16

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយ របស់សម្តេចផ្ទាល់ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ចំនួន១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ មកពីស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង។

ការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅនៅទីតាំង អាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្តី គណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សារខេត្ត អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

សូមជម្រាបផងដែរថា ក្រុងបាត់ដំបង មាន១០សង្កាត់ ៦២ភូមិ មានគ្រួសារសរុប ចំនួន២៩.៤៥៣គ្រួសារ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងសង្កែ ដែលបណ្តាលឱ្យលិចលង់ផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋចំនួន៤.៩២៦គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកទីទួលមានសុវត្ថិភាពចំនួន១៩១គ្រួសារ។ ជាងនេះទៀត នៅទូទាំងខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន១០ មានឃុំចំនួន៩៦ ក្នុងចំណោម១៤ក្រុង-ស្រុករបស់ខេត្តបាត់ដំបង ដោយគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណាំស្រូវរងផលប៉ះសរុបមានចំនួនជិត១៣ម៉ឺនហិកតា ស្រូវខូចខាតចំនួនជាង៤ម៉ឺនហិកតា។ ដំណាំសាកវប្បកម្ម ពោតស ម្នាស់ និងបន្លែ ប៉ះពាល់សរុបចំនួនជិត១៥០០ហិកតា ក្នុងនោះផ្ទៃដីខូចខាតមានចំនួន៧៤៣ហិកតា ដំណាំកសិ-ឧស្សាហកម្ម ដំឡូងមី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និងល្ងរ ប៉ះពាល់ សរុបមានចំនួនជាង៥ម៉ឺន៦ពាន់ហិកតា ក្នុងនោះខូចខាត ចំនួនជាង ៣ម៉ឺន៦ពាន់ហិកតា។

ជាងនេះទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយរបស់សម្តេចក្រឡាហោមផ្ទាល់ ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលនេះរួមមានៈ ស្រូវពូជ សម្ភារប្រើប្រាស់                  និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here