ស្ថានភាព អង្គរក្សជនជាតិខ្មែរ ដែលត្រូវបានរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ស្ថិតក្នុងភាពល្អប្រសើរ

0
7

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ស្ថានភាពសុខភាព បុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់ លោករដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយដែលត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ស្ថិតក្នុងភាពល្អប្រសើរ។នេះបើយោងតាមAKP។

លោកស្រី បានគួសបញ្ជាក់ថា ៖ “ខ្ញុំសូមបញ្ជាក់ជូនថា សុខភាពអ្នកជំងឺរូបនេះនៅពេលនេះ គឺមិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។
លោកជំទាវ បានបន្ថែមថា ដោយឡែករាល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយបុរសរូបនេះ ខាងក្រសួងសុខាភិបាល បាន និងកំពុងតែធ្វើការងារនេះផងដែរ ហើយលោកជំទាវក៏បានស្នើឱ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកដែលបានបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាព សុខភាពរបស់ខ្លួន។

គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ មានការភ្ញាក់ផ្អើល ហើយក៏ជាលើកទី១ ដែលកម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តប្រមាណជាង ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here