ដំណឹងបន្ទាន់! ក្រសួងប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត លើតំណាងរាស្រ្ដ មន្រ្តីកសិកកម្ម និងមន្រ្តីទូតហុងគ្រី

0
12

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។

មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖

-ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

-ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

– ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។

ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផល ដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹង ជូនសាធារណជនបន្តទៀត នៅពេលទទួល បានលទ្ធផល ជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធទៅនៃព្រឹត្តការណ៍ ០៣វិច្ឆិកានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here