ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងរកឃើញថា អង្គភាពក្រោមឱវាទ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣ វិច្ឆិកា ចំនួន ១២កន្លែងបន្ថែមទៀត ។
លោកបន្តថា អង្គភាពដែលពាក់ព័ន្ធនោះ រួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន៩។ លោកថា អង្គភាពក្រោមឱវាទទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ ។
សូមរំលឹកថា ក្រសួងអប់រំ បានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល ២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញ នៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ ក៏បានផ្អាកដំណើរការ ជាបណ្តោះអាសន្ន នូវពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី ៕