ពីថ្ងៃ១១-១៧ វិច្ឆិកា កម្ពុជា នឹងបន្តមានភ្លៀកធ្លាក់ ពីតិចទៅច្រើន

0
8

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ចាប់ពីថ្ងៃទី១១-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១០ វិច្ឆិកានេះ បានឲ្យដឹងថា យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ (ETAU) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះ មកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយ ឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។

ក្រសួងបន្តថា ដោយឡែកនៅលើសមុទ្រខាងកើត ប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO )។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះ នឹងចូលមកដល់លើភាគកណ្តាល ប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពល មកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាប នៅលើភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ។ ហើយនៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចទៅមធ្យម ។

ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យមទៅច្រើន ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ។ ហើយនៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។

ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចទៅបង្គួរ ពីថ្ងៃទី១១-១២ ខែវិច្ឆិកា។ ហើយនៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រ អាចមានកម្ពស់ខ្ពស់ជាបង្គួរ។

ក្រសួង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតមាន ជាយថាហេតុណាមួយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here