ភ្នំពេញ៖ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជា ទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញ អារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។
សូមជម្រាបថា ការអភិវឌ្ឍទាំងនោះ រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។
នេះបើ យោងតាម គេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា។
លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានយល់ថា ការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោក បានធៀបនឹងពេលមុន ថាមានភាពខុសគ្នាឆ្ងាយ ត្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។
ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដ នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ។
លោក សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតង នៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក ក៏លើកទឹកចិត្ត ដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ឲ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះ មានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម៕