ភ្នំពេញ៖ នៅវេលាម៉ោង២:០០ យប់ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង ស្ថិតនៅភូមិថ្មរមៀលលិច, ភូមិថ្មរមៀលកើត និងភូមិធ្នង់ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានដំណឹងភ្លាមៗ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំងដឹកនាំ ដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយ អាជ្ញាធរដែនដី នាំយកអំណោយស័ង្កសីរបស់ លោកហ៊ុន ម៉ាណែត និងលោកស្រី ចុះជួយជួសជុលដំបូលផ្ទះ ជូនប្រជាពលរដ្ឋ ដែលបានរងការខូចខាត់ដោយខ្យលកន្ត្រាក់នេះ។
គេសំគាល់ឃើញថា ករណីខ្យលកន្ត្រាក់ តែងតែកើតមានជាញឹកញាប់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
កងកម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ តែងតែត្រៀងលក្ខណៈជាមុនរាល់ពេលមានភ្លៀងលាយឡំជាមួយ និងខ្យល់កន្ត្រាក់ គឺកម្លាំងតាមបណ្តាអង្គភាពចំណុះកងពល តែងតែចុះត្រួតពិនិត្យលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងតំបន់ឈរជើងនីមួយៗ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។
ជាក់ស្តែងករណីប្រជាពលរដ្ឋដែលរងគ្រោះនេះ គឺត្រូវបានក្រុមងារបានជួយជួសជុល និងប្រកដំបូលថ្មី ជូនពួកគាត់ឡើងវិញ។
គួរបញ្ជាក់ផងដែរថា អំណោយស័ង្កសីដែលក្រុមការងារ យកមកជួសជុលដំបូលផ្ទះខូចខាតដោយខ្យល់កន្ត្រាក់ នាពេលនេះ គឺជាអំណោយឧបត្ថម្ភផ្ទាល់របស់ លោកហ៊ុន ម៉ាណែត និងលោកស្រីមកកាន់កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមលក្ខណៈបម្រុងទុកសម្រាប់ប្រើប្រាស់ជួយជួសជុល ឬសាងសង់ផ្ទះ ទៅដល់គ្រួសារទ័ព និងប្រជាពលរដ្ឋ ជួបការលំបាក ឬក៏ក្នុងករណីរងគ្រោះដោយខ្យល់កន្ត្រាក់ដូចជាពេលនេះផ្ទាល់ជាដេីម៕