ភ្នំពេញ៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានមានប្រសាសន៍ថា សម្រាប់ ឆ្នាំ២០២០នេះ ម្រេចកំពតប្រមាណជា៥០ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសរួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុងនិងតៃវ៉ាន់។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ប្រធានសមាគមម្រេចកំពតបានបញ្ជាក់ថា “ខ្ញុំអាចនិយាយបានថាការនាំចេញមានស្ថេរភាពរវាងឆ្នាំមុននិងឆ្នាំនេះប្រហែល ៥០ តោន”។
លោក ងួន ឡាយ បានមានប្រសាសន៍ថា ការនាំចេញម្រេចរបស់ខេត្តកំពតមិនត្រូវបានប៉ះពាល់ដោយកូវីដ ១៩ នៅឡើយទេ ប៉ុន្តែសម្រាប់ក្នុងស្រុកវិញបានរងផលប៉ះពាល់រួចហើយ។
លោកបន្ថែមថា ទិន្នផលម្រេចដែលមានតម្លៃ របស់យើងគឺពី ៧០ ទៅ ៨០ តោនក្នុងមួយឆ្នាំហើយយើងបាននាំចេញជារៀងរាល់ឆ្នាំប្រហែល ៥០ តោននៅសល់ប្រហែល ២០ ទៅ ៣០ តោនយើង លក់សម្រាប់ភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសកម្ពុជាប៉ុន្តែឆ្នាំនេះមិនមានភ្ញៀវទេសចរ” ។
ម្រេចកំពតត្រូវបានបញ្ជាក់ជាផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា (GI) តាំងពីឆ្នាំ ២០១៦ ហើយត្រូវបានគេ ស្គាល់យ៉ាងច្បាស់ ប៉ុន្តែកម្ពុជាអាចដាំម្រេចនៅតាមតំបន់ផ្សេងៗ នៃប្រទេសដូច្នេះសរុបមកកម្ពុជាអាចផលិតម្រេចបានច្រើនសម្រាប់នាំចេញ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាក្នុងរយៈពេល ៩ ខែឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ៤.១២១,៩៥ តោនកើនឡើងចំនួន ១២៣,៧៦ ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ម្រេចកម្ពុជាត្រូវបាននាំចេញទៅ ២១ ប្រទេសនិងដែនដីរួមមានប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំងអាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស កូរ៉េ សាធារណរដ្ឋឆែក ណូវែលសេឡង់ អូស្ត្រាលី ថៃ ស៊ុយអែត សិង្ហបុរី អូស្រ្តាលី និងតៃវ៉ាន់៕