លោក ហ៊ុន ម៉ាណែត បន្តចុះចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ

0
13

ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តចុះចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ។

ក្នុងពិធីចែកអំណោយនេះ លោក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់                  សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយការជួបជុំថ្ងៃនេះ              គឺមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តផ្សេងៗ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងការផ្តល់កិត្តិយសចូលរួមរបស់ លោករដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលបង្ហាញ      អំពីស្មារតីរួបរួមសាមគ្គីនៃការជួយយកអាសារគ្នាក្នុងពេលចាំបាច់ ពេលដែលប្រជាពលរដ្ឋកំពុងត្រូវការ។          ក្នុងថ្ងៃនេះ យើងរួមគ្នាប្រគល់ស្រូវពូជដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដើម្បីការស្តារឡើងវិញ ដែលជាការជួយ            ពិតជាក់ស្តែង ជាការឈឺឆ្អាលពិតប្រាកដ និងដោយសុទ្ធចិត្ត។

លោកបន្ថែមថា ពិតណាស់ ជាគ្រោះអកុសលដែលមិនអាចគ្រប់គ្រងបាន ដោយទឹកជំនន់ក្នុងឆ្នាំនេះ            បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាង ១៥ ម៉ឺនគ្រួសារ ហើយប្រទេសនៅក្នុងតំបន់អាស៊ាន ៧ ផ្សេងទៀតក៏ទទួលរងគ្រោះដូចគ្នា។ ប្រឈមនឹងហានិភ័យនៃការបាត់បង់អាយុជីវិតប្រជាពលរដ្ឋច្រើនក្នុងដំណាក់កាលអាសន្ន ដែលមានទឹកហូរបាក់ខ្លាំង អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, កម្លាំងសុខាភិបាល, កម្លាំងប្រជាពលរដ្ឋ និងយុវជនស្ម័គ្រចិត្ត បានសហការយ៉ាងល្អនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបានលឿន និងមានប្រសិទ្ធិភាពទាន់ពេលវេលា ដោយបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាច្រើន ដែលជាអាទិភាពខ្ពស់បំផុត។ ហើយមកដល់ពេលនេះ យើងនៅបន្តអនុវត្តការងារបន្ទាន់ចុះចែកស្រូវពូជនៅគ្រប់ទីកន្លែងរងគ្រោះនៅ  ទូទាំងប្រទេស តាមការប្រគល់ភារកិច្ចរបស់ សម្តេចតេជោ ដែលយកចិត្តទុកដាក់ខ្លាំងបំផុតលើលទ្ធភាពស្តារផលដំណាំឡើងវិញរបស់ប្រជាពលរដ្ឋនៅក្រោយទឹកជំនន់ ខណៈដែលសម្តេចមិនអាចមកចូលរួមដោយផ្ទាល់បានតាមផែនការ ដោយសារការធ្វើចត្តាឡីស័កក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា។

លោកឡេីងថា គោលការណ៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺត្រូវខិតខំយ៉ាងណាកុំឱ្យមានប្រជាជនស្លាប់ដោយសារការអត់បាយ។ ដូច្នេះ នៅទីណាមានការលំបាក មន្ត្រីរាជរដ្ឋាភិបាល ក្រុមការងារ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចុះជួយឱ្យលឿន និងឱ្យទាន់ពេលវេលាដោះស្រាយបញ្ហាចំពោះមុខឱ្យខានតែបាន ទាំងអាយុជីវិត, សុខភាព, ការហូបចុក និងការស្តារផលដំណាំ។ កិច្ចការនេះ សម្រេចទៅបានដោយផ្អែកលើយន្តការជាច្រើន      ទាំងយន្តការរាជរដ្ឋាភិបាល, រូបសម្តេចតេជោផ្ទាល់, កាកបាទក្រហម ក៏ដូចជាសប្បុរសជនទាំងក្នុង និង        ក្រៅប្រទេស។ ហើយកន្លងមកប្រទេសជាមិត្តជាច្រើន ក៏មានសមានចិត្តចូលរួមក្នុងការជួយសង្គ្រោះនេះតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ អ្វីដែលខ្លាំងសម្រាប់ជាតិខ្មែរយើង គឺនៅពេលដែល  លំបាកបំផុត ទោះរស់នៅទីណា នៅតែជាបេះដូងខ្មែរ ដែលរួមសាមគ្គីជួយគ្នា ដោយគ្មានការរើសអើងបែងចែកអ្វីទាំងអស់ ជាពិសេសនៅក្រោមម្លប់នៃសន្តិភាពដូចសព្វថ្ងៃនេះ។ សមិទ្ធផលសន្តិភាពបានបង្កលក្ខណៈ និងផ្តល់  លទ្ធភាពឱ្យយើងមានឱកាសបានរួមសាមគ្គីជួយគ្នាដោយអាចធ្វើដំណើរជិតឆ្ងាយទៅគ្រប់ទីកន្លែងដោយសុវត្ថិភាពដើម្បីកិច្ចការមនុស្សធម៌របស់យើង រួមទាំងតំបន់អតីតសមរភូមិ។ នេះ គឺជាសារៈសំខាន់នៃការថែរក្សាសុខសន្តិភាព ហើយទោះតិចឬច្រើន លឿនឬយឺតប៉ុន្តែទីណាមានការលំបាក យើងបានរួមបំពេញកិច្ចការដ៏មាន    តម្លៃរបស់យើង ហើយយើងនឹងបន្តធ្វើវាតទៅមុខដោយឥតរួញរា។

លោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណប្រជាពលរដ្ឋខេត្តកំពង់ធំ ចំពោះការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតជោ និងរាជរដ្ឋាភិបាលក្នុងកាលកន្លងទៅ និងសូមអរគុណចំពោះការផ្តល់តម្លៃដល់អ្នកដែលបានខិតខំធ្វើការងារពិតជាក់ស្តែង។ បំណងប្រាថ្នារបស់សម្តេច គឺចង់បានណាស់ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។ គោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច គឺផ្សារភ្ជាប់ជានិច្ចរវាងទិន្នន័យនៃការរីកចម្រើនទៅនឹងការរីកចម្រើនជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមួយរឹងមាំបានដោយសារប្រជាពលរដ្ឋ។ “ការអភិវឌ្ឍសេដ្ឋកិច្ច” អាចមានរូបមន្ត និងនិយមន័យច្រើន ប៉ុន្តែជាក់ស្តែង    “ការធ្វើឱ្យប្រជាជនមានបាន” គឺជាពាក្យសាមញ្ញបំផុត និងជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍប្រទេស  តាមទស្សនវិស័យរបស់សម្តេចតេជោ។ ដូច្នេះ សូមបន្តការជឿទុកចិត្ត និងផ្តល់ឱកាសឱ្យសម្តេចបន្តការដឹកនាំប្រទេសតទៅមុខទៀត។

លោក ក៏បានអរគុណប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសន្តិភាព ដែលស្វែងរកបានដោយលំបាកបំផុត។          ថ្ងៃនេះយើងបានរួមគ្នា ដោយគ្មានការបែងចែក ដើម្បីបំពេញកិច្ចការក្នុងបុព្វហេតុប្រជាជន នៅក្រោមដំបូល  នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ។ ការរួបរួមគ្នានេះហើយ  ដែលជាកត្តាថែរក្សានិរន្តរភាពនៃសន្តិភាពឱ្យបានយូរអង្វែង។ យើងអាចមានទស្សនៈខុសគ្នា ប៉ុន្តែក្នុងវេលាអាសន្ននេះ យើងត្រូវទុកការខុសគ្នាមួយឡែក ដោយត្រូវរួមគ្នាតំកល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ នេះទើបហៅថា ជាខ្មែរដែលស្រឡាញ់ជាតិ។ សម្តេចបានបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ហើយក៏ចង់ឃើញណាស់ ដែលខ្មែររួមគ្នាថែរក្សាសមិទ្ធផលសន្តិភាពនេះ រហូតរាប់រយឆ្នាំទៅមុខ កុំឱ្យបាត់បង់ដូចក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់យើងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here