សម្ដេចតេជោ នឹងអញ្ជេីញតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅដើមខែធ្នូ

0
8

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពាស់ ក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅភូមិបឹងដែង        ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ដូច្នេះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ខណៈពេលអមដំណើរ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាជាមួយ        មន្ត្រីពាក់ព័ន្ធ ត្រៀមផែនការបែងចែកភារកិច្ច រៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។

មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់- ស្រុកក្រូចឆ្មារ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពាននេះ មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់     ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗនៅពេលមិនយូរខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here