ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងភរិយា ព្រមទាំងអ្នកនៅជុំវិញ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ទាំងអស់ ជាលើកទី៣ ។នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច។
សម្ដេចបានសរសេររៀបរាប់ថា «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅ ធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់»។
ជាមួយគ្នានេះសម្ដេច ក៏កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត បងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផល នឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹង បន្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែល ខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមាន ទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័ក ក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយ នៅក្នុងរាជធានីភ្នំពេញនិ ងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។
ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕