សំណាកអ្នកពាក់ព័ន្ធនឹង ព្រឹត្តិការណ៍៣វិច្ឆិកា ជាង៩៩ភាគរយ អវិជ្ជមានវីរុសកូវីដ-១៩

0
7

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បញ្ជាក់ថា សំណាករបស់អ្នកដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍៣វិច្ឆិកា ជាង៩៩ភាគរយ គឺទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីបានការធ្វើតេស្ត ចំនួន២ដងរួចមកហើយ ។នេះបើយោងតាម ក្រសួងព័ត៌មាន។

លោកស្រី បានមានប្រសាសន៍ឲ្យដឹងថា តាមលទ្ធផលចុងក្រោយ វត្ថុសំណាករបស់អ្នកពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកា គឺអវិជ្ជមានកូវីដ-១៩ រហូតដល់ទៅជាង៩៩ភាគរយ នៃចំនួនវត្ថុសំណាកសរុប ២៥៦៣ សម្រាប់ការធ្វើតេស្តចំនួន២ដង ហើយការធ្វើតេស្ដ លើកទី១មានចំនួន១៧៣៤ នាក់ និងលើកទី២មានចំនួន៨១៩នាក់ ។

លោកស្រីបានបញ្ជាក់ថា « បើយើងនិយាយ អំពីព្រឹត្តិការណ៍៣វិច្ឆិកា ដែលបានប្រសិទ្ធនាម ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលហៅថាព្រឹត្តិការណ៍៣វិច្ឆិកានេះ គឺយើងឃើញថាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ គឺអ្នកដែល មានវិជ្ជមាន កូវីដ-១៩នោះ គឺមានចំនួន៤នាក់ដដែល គឺបានន័យថា មានតែ៤នាក់ទេ ដែលបានរកឃើញ ពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍៣វិច្ឆិកា ហើយអ្នកទាំង៤នាក់នោះ ក៏កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រីឯចំនួន៩៩,៧៧ភាគរយ នៃអ្នកដែលពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់នោះ គឺមានលទ្ធផលវិភាគ អវិជ្ជមាន វីរុសកូវីដ-១៩ អ៊ីចឹងបើយើងគិតអំពីតួលេខ គឺមានចំនួន១៧៣០នាក់ ដែលលទ្ធផលរបស់គាត់នោះ គឺអវិជ្ជមាន វីរុសកូវីដ-១៩ » ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here