ប្រមុខការទូតកម្ពុជា ទទួលបានលទ្ធផលតេស្ដ អវិជ្ជមានកូវីដ១៩ ជាលើកទី៣

0
12

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ នៅមុននេះបន្តិចបានបញ្ជាក់ថា រូបលោក ទទួលបានលទ្ធផល តេស្ដអវិជ្ជមានកូវីដ១៩ ទាំងអស់គ្នា នៅលើកទី៣នេះ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប្រាក់ សុខុន បានសរសេរ យ៉ាងដូចច្នេះថា «សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ ដូចគ្នានឹងលទ្ធផលនៃការធ្វើតេស្តជូនសម្តេចតេជោ និងក្រុមគ្រួសារសម្តេចដែរ ខាងខ្ញុំឯណេះក៏បានលទ្ធផល អវិជ្ជមានទាំងអស់គ្នាដែរ។ »

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា ក៏សូមអរគុណដ៏ស្មោះដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់ការធ្វើតេស្ត ផ្តល់ដំបូន្មានល្អ និងតាមដានសុខភាពក្រុមគ្រួសារខ្ញុំ និងខ្ញុំ ក៏ដូចជាសុខភាពមន្ត្រី បុគ្គលិក ក្នុងក្រសួងការបរទេសផង។

លោកក៏សូមជូនពរដល់អ្នកទាំងឡាយ ដែលកំពុងសំរាកព្យាបាល សូមឆាប់ជាសះស្បើយ ទាំងអស់គ្នា។

សូមរំលឹកថា បើតាមការបញ្ជាក់ ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បញ្ជាក់ថា សំណាករបស់អ្នកដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍៣វិច្ឆិកា ជាង៩៩ភាគរយ គឺទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីបានការធ្វើតេស្ត ចំនួន២ដងរួចមកហើយ ។នេះបើយោងតាម ក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here