លោក អុិត សំហេង៖ ពិព័រណ៍ ការងារអនឡាញ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នា ឥតដែនកំណត់

0
10

ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ការងារអនឡាញ នឹងបង្កើតជាវេទិកាប្រាស្រ័យ ទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះ នៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញា ឱកាសការងារទំនេរ និងគោលការណ៍ផ្នែក ធនធានមនុស្ស របស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារ ដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។ សម្រាប់អ្នកស្វែងរក ការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយ ការងារជាឯកជន របស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំ ការងារដែលខ្លួនចាប់អារម្មណ៍ ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និង ពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់ជួបសម្ភាសពីក្រុមហ៊ុន តាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។ នេះបើយោងតាមក្រសួងការងារ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាស លោករដ្ឋមន្រ្តី បានចូលរួមថ្លែងតាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ វិច្ឆិកានេះ។

ពិព័រណ៍ការងារអនឡាញនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំ សហការរួមគ្នារវាងទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC)។ ក្នុងរយៈកាលជិតមួយទសវត្សរ៍ កន្លងមកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ ការងារដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ តាមរយៈការកៀរគរ ប្រមូលផ្តុំ និយោជកពីគ្រប់វិស័យឲ្យ ចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិក ដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយ សម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា និងដាក់ពាក្យស្នើសុំការងារ ដែលខ្លួនចង់បំពេញ យ៉ាងសស្រាក់សស្រាំ។

លោក អុិត សំហេង លើកឡើងបន្តថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការបើកចំហរ ឱកាសការងារ ដោយផ្តោតការយកចិត្តទុកដាក់ លើការជួយបែងចែកឱកាសទាំងនេះ ឱ្យបានទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយ ឱកាសការងារទាំងអស់ ទៅជាមុខរបរកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ជារៀងរាល់ឆ្នាំ ដើម្បីបម្រើឲ្យសេចក្តីត្រូវការ របស់ភាគីពាក់ព័ន្ធ ក្នុងទីផ្សារការងារ។ ប្រសិនបើស្ថានភាព រីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលប់បំបាត់ទាំងស្រុង ការរៀបចំនឹងប្រព្រឹត្តិទៅ តាមរយៈការជួបជុំគ្នាផ្ទាល់នៅលើទីតាំងធំទូលាយជាធម្មតា។ ករណីស្ថានភាពជំងឺ នៅបន្តគំរាមកំហែង និងអូសបន្លាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងបន្តពង្រឹងសមត្ថភាព គុណភាពសេវា ព្រមទាំងបច្ចេកវិទ្យារៀបចំពិព័រណ៍ការងារ តាមអនឡាញជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅ នាំយកឱកាសការងារគ្រប់ប្រភេទជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ជាពិសេសក្នុងដំណាក់កាល ដែលកម្ពុជាកំពុងរស់នៅ ក្រោមដំបូលសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម ដែលជារតនៈសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបាន យើងទាំងអស់គ្នាត្រូវបន្តរក្សាកេរដំណែលនេះ ដើម្បីបន្តភាពរីកចម្រើន ថែរក្សាការងារនិងមុខរបរ ពង្រីកប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច។

គួរជម្រាបជូនផងដែរថា នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួម យ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ៤០ ដែលបានចុះឈ្មោះ និងប្រតិបត្តិការ នៅលើគេហទំព័រ នៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh ។ បន្ថែមលើនេះ ពិព័រណ៍នេះក៏បានបង្កបរិយាកាស ប្រាស្រ័យទាក់ទងគ្នា រវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬដាក់ពាក្យស្វែងរកការងារ បានពីគ្រប់ទីកន្លែង និងមិនធ្លាប់មានពីមុនមក។ ក្នុងន័យនេះពិព័រណ៍ការងារ នៅតែដើរតួនាទី ក្នុងការផ្តល់ឱកាសនៅមួយកន្លែង ងាយដោយស្រួលនៅលើ ប្រព័ន្ធអនឡាញ ដល់អ្នកស្វែងរកការងារ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបង្កើន ផលិតភាពការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here