អ្នកមកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័កនៅកន្លែង ដែលក្រសួងសុខាភិបាលរៀបចំឲ្យ មិនអាចធ្វើតាមផ្ទះដូចមុនឡើយ

0
10

ភ្នំពេញ៖ បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងសុខាភិបាល បានរឹតបន្តឹងវិធានការសំខាន់ៗមួយចំនួន ក្នុងនោះតម្រូវឲ្យអ្នកទើបមក ពីក្រៅប្រទេស ធ្វើចត្តាឡីស័ក នៅកន្លែងដែលក្រសួងបានរៀបចំឲ្យ មិនតម្រូវឲ្យធ្វើចត្តាឡីស័កដោយខ្លួន នៅតាមផ្ទះបានដូចមុនទៀតនោះទេ ។នេះបើតាមការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុននឹងនាំយកម៉ាស់ជាង ២លាន និងបរិក្ខាពេទ្យមួយចំនួនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ទោះបីជាការផ្តល់ជូននេះ បានធ្វើទៅកាន់ប្រទេសមួយចំនួនរួចហើយ ហើយម៉ាស់មានការសល់ខ្លះក្តីក៏ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យទិញ បន្ថែមដើម្បីបំពេញកង្វះខាត និងសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេស។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីមានការធូរស្រាលចំពោះជំងឺកូវីដ១៩ នៅកម្ពុជាពិសេសនោះព្រឹត្តិការណ៍ ៣វិច្ឆិកា តែយើងត្រូវតែរក្សាគម្លាត និងគោរពតាមវិធានការសុខាភិបាល ជានិច្ច ។ ឥឡូវនេះអ្នកធ្វើដំណើរ មកពីក្រៅត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ តែកាលពីមុនចំពោះយន្តហោះដែលរកមិនឃើញ ឆ្លងជំងឺកូវីដ១៩ យើងអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះ តែអត់ទេឥឡូវនេះ គឺត្រូវធ្វើចត្តាឡីស័កនៅកន្លែងដែល រៀបចំច្បាស់លាស់»។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៧ករណី ក្នុងនោះព្យាបាលជាសះស្បើយ សុរបចំនួន ២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here