ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកានេះបាននិងកំពុងអញ្ជើញទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនាថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះខណៈប្រមាណជាងមួយឆ្នាំទៀតក្រុងទេសចរណ៍វប្បធម៌អង្គរមួយនេះនឹងមានផ្លូវល្អប្រើប្រាស់។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថា « ព្រឹត្តិការណ៍៣វិច្ឆិកាដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត សៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ។ប្រមាណជាងមួយឆ្នាំទៀត ក្រុងសៀមរាបនឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចំរើន»។
ការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាបនេះ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ ៖ ប្រភេទទី១-ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុងដោយកន្លែងខ្លះ ចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ,ប្រភេទទី២-ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ,ប្រភេទទី៣-ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ៕