អ្នកជំងឺពុលថ្នាំនៅខេត្តកំពង់ឆ្នាំង បានធូរស្រាលនិងត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ នៅសល់តែម្នាក់ប៉ុណ្ណោះដែលមានអាការធ្ងន់ធ្ងរ

0
12

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺសង្ស័យពុលថ្នាំ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទាំង១០នាក់នោះបានធូរស្រាលនិងត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញជាបន្តបន្ទាប់នៅសល់តែម្នាក់ប៉ុណ្ណោះដែលមានអាការធ្ងន់ធ្ងរនៅបន្តសម្រាកព្យាបាល។

លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងគ្រុបតេឡេក្រាម នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា បើតាមរបាយការណ៍ស្តីពីករណី សង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន១៣នាក់ និងមានស្លាប់ ចំនួន២នាក់ ដោយឡែក អ្នកសម្រាកនៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន១០នាក់ ក្នុងនោះ មានបុរសម្នាក់មានសភាពធ្ងន់។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «បច្ចប្បន្ន ស្ថានបភាពអ្នកពុលទាំង១០នាក់ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន នៅថ្ងៃទី២៧ វិច្ឆិកាហើយ តែស្ត្រីម្នាក់អាយុ៥៣ឆ្នាំក៏បានធូរស្បើយពីការពុលនេះហើយតែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួតដែលក្រុមគ្រូពេទ្យបានពិនិត្យឃើញ»។

ជាងនេះទៅទៀត អ្នកនាំពាក្យ ក្រសួងសុខាភិបាលក៏បានរៀបរាប់ថា បើតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា តាមការសាកសួរ អ្នកភូមិជីប្រ៉ង ថា មានមនុស្សចាស់ និងក្មេងបានទៅច្រូតស្រូវ នៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ហើយពេលព្រឹកថ្ងៃទី២៤ វិច្ឆិកា ពួកគាត់បានអស់ទឹក សម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូង ដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគ ពេលបាយថ្ងៃត្រង់។ នៅថ្ងៃដដែលនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះបានយកធុងថ្នាំលាយនិងលាងធុងថ្នាំនៅទីនោះមុននិងក្រោយបាញ់ថ្នាំឪឡឹកគាត់។

ក្រោយពិសារទឹកនោះបន្តិចមកមានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ហើយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here